តំណាងអគ្គលេខាធិការ​UN សរសើរកម្ពុជា លើការរៀបចំកិច្ចប្រជុំកំពូល​សៀមរាប​-​អង្គរ​ ស្តីពី​”ពិភព​លោកមួយ​ដែលគ្មានមីន”

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ លោកជំទាវបណ្ឌិត អាមីដា សាលស៊ីយ៉ាអាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការ​សហ​ប្រជា​ជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-បាស៊ីហ្វិក (ESCAP) និងជាតំណាងជាន់ខ្ពស់នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងឱកាសនៃជំនួប លោកជំទាវប្រធានគណៈប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំយ៉ាងល្អកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” និងបានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូទាំងអស់ដែលបានចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ។

លោកជំទាវប្រធានគណៈប្រតិភូ បានបញ្ជាក់ថា អំឡុងពេលដែលគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលនេះ គណៈប្រតិភូបានស្វែងយល់អំពីវប្បធម៌ អរិយធម៌ដ៏សម្បូណ៍បែបរបស់កម្ពុជានៅលើទឹកដីនៃខេត្តសៀមរាប-អង្គរ។ នៅក្នុងកិច្ចប្រជុំកំពូលនេះ បណ្ដាប្រទេសចូលរួមនឹងបង្ហាញនូវឆន្ទៈ និងការប្ដេជ្ញាចិត្តរួម​​ក្នុងការលុបបំបាត់មីនប្រឆាំងមនុស្សជាតិ ។

ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជាធ្លាប់ជាប្រទេសដែលរងគ្រោះដោយសារសង្គ្រាម និងបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន នៅលើផ្ទៃដីកម្ពុជា ។ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្ដិភាពពេញលេញនៅឆ្នាំ១៩៩៨ កម្ពុជាបានយកចិត្តទុកដាក់លើការបោសសម្អាតមីន ដែលជាលទ្ធផលកម្ពុជាបានបោសសម្អាតមីនលើផ្ទៃដីជាង ៣ ០០០ គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តអស់មីនចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្ត និងនៅមានផ្ទៃដីដែលនៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជិត១៧០០គីឡូម៉ែត្រការ៉េ។

ទន្ទឹមនឹងនោះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណបណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍដែលបានចូលរួមចំណែក និងគាំទ្រកម្ពុជាលើការងារបោសសម្អាតមីន។ កម្ពុជាពិតជាមានមោទនភាពដែលបានចូលរួមចំណែកក្នុងការចែករំលែកនូវបទពិសោធន៍ និងផ្ដល់ការបណ្ដុះបណ្ដាលអំពីជំនាញបោសសម្អាតមីនដល់បណ្ដាប្រទេសនានានៅលើពិភពលោក។

អត្ថបទ៖ ពុទ្ធិកា