លំហាត់សមយុទ្ធកងទ័ព៣ប្រទេស រួមមាន កម្ពុជា ឡាវ វៀតណាម ក្រោមប្រធានបទ “ប្រតិបត្តិការ ជួយសង្គ្រោះគ្រោះមហន្តរាយបាក់រលំអាគារ” បានបិទបញ្ចប់ហើយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ពិធីបិទលំហាត់សមយុទ្ធរួមគ្នា បានធ្វើឡើងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ , ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។
ថ្លែងនៅចំពោះមុខរបស់ប្រមុខការពារជាតិឡាវ និងវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារកងទ័ពទាំង៣ប្រទេស ដែលសហការគ្នាយ៉ាងជិតស្និទ្ធ រៀបចំលំហាត់សមយុទ្ធរួមគ្នាឲ្យប្រព្រឹត្តដោយរលូននិងទទួលបានជោគជ័យតាមកម្មវិធីដែលបានគ្រោងទុក។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា លំហាត់សមយុទ្ធរួមគ្នានេះ បានសបញ្ជាក់ថាឲ្យឃើញថា ថ្នាក់ដឹកនាំកំពូលប្រទេសទាំងបី ដែលបានឯកភាពគ្នាជាធ្លុងមួយ ដើម្បីថែរក្សាការពារសន្តិសុខ ស្ថិរភាព សន្តិភាព ក្នុងគោលដៅអភិវឌ្ឍន៍និងផ្ដល់នូវផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមករវាងប្រទេសទាំងបី ។
ជាមួយគ្នា ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានគូសរំលេចថា សមយុទ្ធរួមគ្នានេះ ធ្វើឡើងក្នុងគោលបំណង ផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក តាមវិធីសាស្ត្រហ្វឹកហ្វឺនរួមគ្នាតាមជំនាញនីមួយៗ សុទ្ធតែបានឆ្លុះបញ្ចាំង និងការផ្សាភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងកិច្ចសហប្រតិបត្តិការ លើកស្ទួយបណ្តុះបណ្តាលចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ អភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេស កងទ័ពនៃប្រទេសទាំងបី ធ្វើឲ្យប្រសើរឡើងនូវសមត្ថភាព កិច្ចសហប្រតិបត្តិការ ជាលក្ខណៈពហុភាគី ។
គួរបញ្ជាក់ថា លំហាត់សមយុទ្ធ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ។ សម្រាប់កងកម្លាំងចូលរួមសរុបជិត៧០០នាក់ ក្នុងនោះកងទ័ពម្ពុជាមាន ប្រមាណ៥៦៣ នាក់ ,កងទ័ពប្រជាជនឡាវ ៦៤នាក់ និងកងទ័ពវៀតណាម ៧១នាក់៕
អត្ថបទ៖ ពុទ្ធិកា