ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឆ្លៀតចុះឆ្មក់ការប្រចាំការរបស់មន្រ្តី បុគ្គលសុខាភិបាល នៅមណ្ឌលសុខភាព ចំនួន ៣កន្លែង ដើម្បីពិនិត្យដំណើរការមណ្ឌលសុខភាព សំដៅធានាឱ្យបានការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង ៧ថ្ងៃ ក្នុង១សប្តាហ៍។
មណ្ឌលសុខភាព ចំនួន ៣ កន្លែងក្នុងទឹកដីអង្គរនៃខេត្តសៀមរាប ដែលឯកឧត្តម បានចុះពិនិត្យដោយផ្ទាល់ រួមមាន៖ ១) មណ្ឌលសុខភាពមណ្ឌល១ វេលាម៉ោងប្រមាណ ៩យប់ ២)មណ្ឌលសុខភាព នគរធំ វេលាម៉ោងប្រមាណ ១០យប់ និង ៣) មណ្ឌលសុខភាពអង្គរធំ វេលាម៉ោងប្រមាណ ១១យប់។
កំឡុងការចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានឱ្យជំនួយការម្នាក់ ដើរតួជាអ្នកជំងឺនាពេលអធ្រាត្រនោះ។ មណ្ឌលសុខភាពទាំង៣ ខាងលើ មានមន្រ្តី និងបុគ្គលិកសុខាភិបាលប្រចាំការ ដែលមានឥរិយាបថ ហេដ្ឋារចនាសម្ព័ន្ធសមរម្យ និងការដឹកនាំការងារមណ្ឌលសុខភាពមានលក្ខណៈប្រសិទ្ធិភាព។
ឯកឧត្តមបានណែនាំ និងលើកទឹកចិត្តដល់មន្រ្តីនៅមណ្ឌលសុខភាព ត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល រួមទាំងអនាម័យ និងបរិស្ថានជុំវិញ ឥរិយាបថនិងការនិយាយស្តីប្រកបដោយការគួរសមថ្លៃថ្នូរបន្ថែមទៀត ដោយប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈ រួមទាំងការរៀបចំទុកដាក់ឱសថ វ៉ាក់សាំងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងឱ្យបានសមស្របតាមការប្រើប្រាស់៕