រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ នៅទីតាំងចំនួន៧កន្លែង។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទីតាំងទាំង៧ នោះរួមមាន១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ២-សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ៣-ក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ៤-សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ៥-សូនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាងខណ្ឌសែនសុខ ៦-សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និង៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏សង្ឃឹមជឿជាក់ថាសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលស្រឡាញ់ វិស័យកីឡាទាំងអស់ នឹងចូលរួមគាំទ្រ និងទស្សនាការផ្សាយបន្តផ្ទាល់តាមទីតាំងខាងលើឱ្យបានច្រើនកុះករ និងអធិកអធម ។
គួរបញ្ជាក់ថា តាមរយៈសារជាសំឡេង កាលពីរសៀលថ្ងៃទី ២៥ ខែមេសា សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យអភិបាលរាជធានី-ខេត្ត រៀបចំចាក់បញ្ចាំងស្លាយឲ្យប្រជាជនមានទស្សនាការផ្សាយបន្តផ្ទាល់ សម្រាប់ការប្រកួតបាល់ទាត់នីមួយៗ ដោយត្រូវយកចិត្តទុកដាក់រៀបចំចាក់បញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ សម្រាប់ព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕