មណ្ឌលអប់រំកែប្រែទី៤ បានចេញលិខិតបំភ្លឺព័ត៌មានស្តីពី ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថាមានសាច់ញាតិជនជាប់ឃុំនៅខេត្តពោធិ៍សាត់ប្រាប់ថា មានជន ជាប់ឃុំស្លាប់ជាបន្តបន្ទាប់ ដោយសារការក្អួតចង្អោរ ចុកពោះ ព្រមទាំងមានកើតកមរមាស់លើដងខ្លួន។
ចំពោះករណីចេញផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) ខាងលើនេះមណ្ឌលអប់រំកែប្រែទី៤ បានបដិសេធទាំងស្រុង ដោយមណ្ឌលអះអាំងថា ពុំមានជនជាប់ឃុំស្លាប់ជាបន្តបន្ទាប់នោះទេ។
អង្គភាពមណ្ឌលអប់រំកែប្រែទី៤ បានបញ្ជាក់ថា មណ្ឌលបានបង្កើតក្រុមការងារត្រួតពិនិត្យលើរបបហូបចុករបស់ជនជាប់ឃុំជាប្រចាំ ដោយផ្អែកលើអនាម័យ បរិមាណ និងរសជាតិ។ បញ្ចេញជនជាប់ឃុំគ្រប់រូបហាត់ប្រាណក្នុងមួយថ្ងៃពីរដង ក្នុងមួយដងចន្លោះពី ៣០នាទី ទៅ០១ ម៉ោង មណ្ឌលក៏មានក្រុមគ្រូពេទ្យប្រចាំការនៅក្នុងប៉ុស្តិ៍សុខភាព ២៤ ម៉ោងលើ ២៤ម៉ោង ដើម្បីត្រួតពិនិត្យព្យាបាលទៅ លើសុខភាពជនជាប់ឃុំជាប្រចាំ។
អង្គភាពមណ្ឌលអប់រំកែប្រែទី៤ បានបញ្ជាក់ទៀតថា អង្គភាពរីករាយសហការជាមួយក្រុមគ្រួសារ សាច់ញាតិជនជាប់ឃុំ ប្រសិនបើចង់ដឹងអំពីព័ត៌មាន សុខទុក្ខក្រុមគ្រួសារដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី៤ អញ្ជើញទំនាក់ទំនងដោយផ្ទាល់ជាមួយអង្គភាពមណ្ឌលអប់រំកែប្រែទី៤ និងកុំស្តាប់តាមការផ្សាយរបស់ជនខិលខូចមួយចំនួនបំផ្លើសការពិត៕