តួនាទី និងសមិទ្ធផលដែលសម្តេចតេជោ សម្រេចបាន គឺជាឧទាហរណ៍ដែលមិនអាចកាត់ថ្លៃបាន សម្រាប់ពិភពលោក ជាពិសេសប្រទេសតូចៗ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្តដឹកនាំដោយ ឯកឧត្តម Dev Raj Ghimire ប្រធានរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅសាជាថ្មី បន្ទាប់ពីជំនួបជាមួយ ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត នៅពេលព្រឹក និងក្នុងពេលបាឋកថាពិសេសរបស់ សម្តេច ស្តីពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព»។ សម្តេចតេជោ បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រធានសភានៃប្រទេសជាមិត្ត នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងស្មារតីសាមគ្គីភាពអាស៊ី-អាហ្រ្វិក ដែលមានប្រវត្តិជាយូរមកហើយ និងខិតខំប្រឹងប្រែងពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការនេះប្រកបដោយស្មារតីយោគយល់។

ក្នុងឱកាសជំនួបនេះ ឯកឧត្តម Dev Raj Ghimire បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ និងកម្ពុជា ដែលបានទទួលរៀបចំកម្មវិធីប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពនាពេលនេះ និងបានគូសបញ្ជាក់ថា «សន្តិភាព» កាន់តែមានសារៈសំខាន់ជាទីបំផុតសម្រាប់ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។ ឯកឧត្តម Dev Raj Ghimire ក៏បានសង្កត់ធ្ងន់លើស្ថានការណ៍សង្រ្គាមដែលកំពុងរីករាលដាលទូទាំងពិភពលោក និងអាស្រ័យហេតុនេះ យើងគួរធ្វើការរួមគ្នាដើម្បីសន្តិភាពពិភពលោកយូរអង្វែង។ ឯកឧត្តម ក៏បានសម្តែងនូវការចងចាំមិនអាចបំភ្លេចបាននូវគំរូវីរភាព និងការលះបង់របស់ សម្តេចតេជោ ក្នុងបុព្វហេតុកសាង ថែរក្សា និងធានាបាននូវសន្តិភាពជូនកម្ពុជាក្នុងរយៈពេលយូរអង្វែង និងជឿជាក់ថា តួនាទី និងសមិទ្ធផលដែល សម្តេចតេជោ សម្រេចបាន គឺជាឧទាហរណ៍ដែលមិនអាចកាត់ថ្លៃបាន សម្រាប់ពិភពលោក និងជាពិសេសប្រទេសតូចៗ។

សម្តេចតេជោ បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏មានតម្លៃរបស់ ឯកឧត្តម Dev Raj Ghimire និងការលើកកម្ពស់តួនាទីរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី។
សម្តេចតេជោ ក៏បានកោតសរសើរចំពោះ ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត ដែលបានធ្វើដំណើរដ៏វែងឆ្ងាយមកចូលរួមប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិនៅកម្ពុជា ដែលនេះ សបង្ហាញឱ្យឃើញពីសំឡេងរួបរួមគ្នានៃបណ្តាប្រទេសកំពុងអភិវឌ្ឍផងដែរ។ សម្តេចតេជោ ក៏បាន​រំឭកផងដែរអំពីអតីតកាលដែលកម្ពុជាក៏ដូចជាប្រទេសនានានៅក្នុងតំបន់ ដែលទទួលរងការដាក់អាណានិគម​ ប៉ុន្តែ ដោយការតស៊ូ កម្ពុជា ទទួលបានឯករាជ្យ និងរក្សាបាននូវវប្បធម៌ដ៏ល្អផូរផង់ ក៏ដូចជាអក្សរ និងភាសាខ្មែរ។

ជាថ្មីម្តងទៀត ឯកឧត្តម Dev Raj Ghimire បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអរគុណ សម្តេចតេជោ ដែលបានអនុញ្ញាតដល់ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត ចូលជួបសម្តែងការគួរសម និងបានអញ្ជើញ សម្តេចតេជោ ទៅធ្វើទស្សនកិច្ចនៅប្រទេសនេប៉ាល់ នាពេលវេលាសមស្របណាមួយ នៅពេលខាងមុខ៕