ប្រធាន GCTP នឹងចងក្រងចំណេះដឹងរបស់សម្តេចតេជោ ហ៊ុន សែន ពីការកសាង និងថែរក្សាសន្តិភាព​ជាឯកសារគ្រឹះសិក្សាទៅថ្ងៃខាងមុខ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូថ្នាក់ដឹកនាំនៃក្រុមអន្តរសភា និងអង្គការអន្តរជាតិ ដឹកនាំដោយឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចូលជួបសម្ដែងការគួរសម នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។

ឯកឧត្តមប្រធាន GCTP បានសម្តែងនូវការកោតសរសើរ និងស្ញប់ស្ញែងចំពោះសម្តេចតេជោជាទីបំផុត តាមរយៈប្រសាសន៍សម្តេចនៅក្នុងពិធីបើក IPTP លើកទី១១ ពីការកសាងប្រទេសចេញពីបាតដៃទទេ និងដឹកនាំប្រទេសចេញឆ្ងាយពីសង្រ្គាមបែកបាក់ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍ រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

ឯកឧត្តមប្រធាន GCTP បានជម្រាបជូនសម្តេចតេជោថា ឯកឧត្តមបានត្រងត្រាប់ស្តាប់ ការអត្ថាធិប្បាយរបស់សម្តេច ដោយការយកចិត្តទុកដាក់ខ្ពស់ ហើយឯកឧត្តមបានរៀនសូត្រច្រើនណាស់ពីសម្តេចតេជោ និងពីប្រទេសកម្ពុជា។ ឯកឧត្តមនឹងចងក្រងចំណេះដឹងទាំងអស់នោះ ជាឯកសារគ្រឹះដើម្បីបន្តសិក្សាទៅថ្ងៃខាងមុខ។ ឯកឧត្តម បានបន្តថា ប្រសាសន៍របស់សម្តេចតេជោ ពីតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍ ក្នុងការចូលរួមកសាង និងថែរក្សាសន្តិភាព​គួរត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក។

ឯកឧត្តមប្រធាន មានប្រសាសន៍ថា គណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំ IPTP​លើកទី១១ នៅពេលនេះ មានទាំងប្រទេសមកពីតំបន់អាស៊ីកណ្តាល តំបន់អារ៉ាប់ តំបន់អាហ្រ្វិក តំបន់អាមេរិកឡាទីន អាស៊ីប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ ហើយពេលនេះប្រទេសកម្ពុជាគឺជាចំណុចកណ្តាល នៃតំបន់ទាំងអស់នេះ។ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានស្គាល់ប្រទេសកម្ពុជា ដ៏សែនស្រស់ស្អាតនេះ ទោះបីធ្លាប់ឆ្លងកាត់ការលំបាកដ៏សែនវេទនា និងសូមថ្លែងអំណរគុណប្រទេសកម្ពុជា ដែលបានចូលរួមគាំទ្រ ធម្មនុញ្ញសន្តិភាពសកលផងដែរ។

នៅក្នុងឱកាសនៃជំនួបនោះផងដែរ សមាជិកគណៈប្រតិភូដែលជាថ្នាក់ដឹកនាំសភាប្រពីប្រទេស ប៉េរូ ប្រធានសភាអាស៊ីដើម្បីទឹក និងបេក្ខជនប្រធានាធិបតីប្រទេសអង់ហ្គោឡា បានសម្តែងនូវការដឹងគុណ ចំពោះសម្តេចតេជោ ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងអបអរសាទរ សម្តេចតេជោ ដែលបានទទួលនូវ “ពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី”។ ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នេះ ពិតជាស័ក្តិសមជាទីបំផុតសម្រាប់បទពិសោធន៍ក្នុងការកសាងសន្តិភាព និងថែរក្សាសន្តិភាពរបស់សម្តេច។

គណៈប្រតិភូទាំងអស់ បានយល់ស្របជាឯកច្ឆ័ន្ធថា វេទិកាសភា IPTP លើកទី១១ នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីបណ្តាប្រទេស ដែលបានមកចូលរួមអាចឡើងបញ្ចេញមតិ និងបញ្ចេញសម្លេងរបស់ខ្លួន មិនថាជាប្រទេសតូច ឬធំ ប្រទេសអ្នកមាន ឬប្រទេសក្រីក្រនោះទេ។ ឯកឧត្តម លោកជំទាវ សមាជិកគណៈប្រតិភូ ក៏បានសំណូមពរឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសកម្ពុជា និងប្រទេសប៉េរូ កូរ៉េ និងអង់ហ្គោឡា ទាំងក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគី នៅក្នុងវិស័យធនធានទឹក ការទូត ពាណិជ្ជកម្ម និងវិនិយោគ។

ឯកឧត្តមប្រធាន ក៏បានជម្រាបជូនសម្តេចពីគម្រោងបង្កើតវេទិកាអ្នកធុរកិច្ចដើម្បីសន្តិភាព និងការអត់ឱន ដើម្បីប្រមូលយកក្រុមហ៊ុន និងសម្ព័ន្ធសាជីវកម្មធំៗមកចូលរួមក្នុងវេទិកាតែមួយជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងគោលបំណងឱ្យក្រុមធុរកិច្ចខ្នាតធំទាំងនោះ អាចចែករំលែកពីគោលដៅវិនិយោគ និងការផ្គូផ្គង ពាណិជ្ជកម្មជាដើម។ ឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ច នាំមកនូវសន្តិភាពដូចគ្នា។ ឯកឧត្តមប្រធាន ក៏សូមអញ្ជើញសម្តេច និងគណៈប្រតិភូកម្ពុជា ចូលរួមនូវវេទិកាអ្នកធុរកិច្ចនោះ៕