សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសទទួលបានពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែន ពីមេដឹកនាំនៃអន្តរសភា ដើម្បីការអត់ឱននិងសន្តិភាព (IPTP)។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជូនពរសម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៌ កាយពលខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាវៀងវៃ ជន្មាយុយឺនយូរដើម្បីដឹកនាំកម្ពុជា បន្តនាំនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជានិរន្តន៍ ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលពានរង្វាន់លំដាប់អន្តរជាតិគឺ «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី»។
ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ពិធីបើកជាផ្លូវការ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ការផ្តល់ជូន «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ជាការទទួលស្គាល់ចំពោះការដឹកនាំដ៏ពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលសម្តេចបានបញ្ចប់សង្គ្រាម ហើយកសាងសន្តិភាពនៅប្រទេស រហូតមកដល់សព្វថ្ងៃ៕
អត្ថបទ៖ ពុទ្ធិកា