នាពេលថ្មីៗនេះមានសារព័ត៌មានបរទេសមួយចំនួនរួមមានកាសែតបាងកកប៉ុស្តិ៍ និងកាសែត រ៉យទ័រ បានចុះផ្សាយព័ត៌មានលើគេហទំព័រ និងគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានលើកឡើងថា “គម្រោង ព្រែកជីកហ្វូណនតេជោដ៏ល្បីរបស់កម្ពុជា កំពុងជួបប្រទះបញ្ហាពាក៏ព័ន្ធនឹងការខ្វះខាតមូលនិធិក្នុងការអនុវត្តគម្រោង”។
ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសបដិសេធ ព័ត៌មានខាងលើ ដោយពិនិត្យឃើញថា ខ្លឹមសារដែលសារព័ត៌មានខាងលើ កំពុងប្រើប្រាស់ និងផ្សព្វផ្សាយ គឺមានភាពមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ក្នុងគោលបំណង បំភាន់ បំភ្លៃ បំផ្លើស បំពុល លាបពណ៌ និងញុះញង់ពាក់ព័ន្ធទៅនឹងកិច្ចដំណើរការសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលមានខ្លឹមសារផ្ទុយពី ការពិតទាំងស្រុង ហើយបាននិងកំពុងបន្តចែកចាយព័ត៌មានមិនពិតទាំងនោះក្នុងបណ្ដាញសង្គមជាបន្តបន្ទាប់។
ក្រសួងសាធារណការ និងដឹកជញ្ជូន បំភ្លឺជូនសាធារណជនទាំងអស់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តគម្រោងព្រែកជីកហ្វូនតេជោយ៉ាងសកម្ម ហើយក្រុមការងារបច្ចេកទេស របស់ក្រសួង បានបញ្ចប់ការសិក្សាលម្អិត និងកំពុងចុះធ្វើការវាយតម្លៃយ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់ជាក់ស្តែង ចំពោះបងប្អូនប្រជាពលរដ្ឋ តម្រាយផ្លូវទឹកមួយចំនួនបន្ថែម និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដែលត្រូវ កំណត់ និងដោះស្រាយចំពោះមុខ។ លើសពីនេះ ក្រុមការងារអនុវត្តគម្រោង បាននិងកំពុងបន្តអនុវត្តយ៉ាង សស្រាក់សម្រាំ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុងក្របខណ្ឌជាតិ និងដៃគូអន្តរជាតិ មិនដូច ការលើកឡើងមិនពិតម្តងហើយម្តងទៀតរបស់សារព័ត៌មានទាំងនោះឡើយ។
ក្រសួងសាធារណការ បញ្ជាក់ថា ដើម្បីទទួលំបានព័ត៌មានត្រឹមត្រូវ ពិតប្រាកដ និងច្បាស់លាស់អំពីកិច្ចដំណើរការសាងសង់ “ព្រែកជីក ហ្វូណនតេជោ” ឬក្នុងករណីប្រជាពលរដ្ឋមានបំណងចង់សាកសួរព័ត៌មានទូទៅ ឬមានចម្ងល់ផ្សេងៗអំពី កិច្ចដំណើរការនៃគម្រោងនេះ សូមធ្វើការទំនាក់ទំនងតាមរយៈប្រព័ន្ធទូរស័ព្ទ Hotline លេខ «១២៧៥» ឬចូលសាកសួរ និងស្រាវជ្រាវព័ត៌មានដោយផ្ទាល់តាមរយៈគេហទំព័រផ្លូវការរបស់គម្រោងព្រែកជីកហ្វូណនតេជោ https://funantechocanal.gov.kh ឬទំព័រហ្វេសប៊ុកផ្លូវការ៕