តំណាងគណបក្សនយោបាយចំនួន៧៣ ប្តេជ្ញាគាំទ្ររាល់បណ្តាគំនិតផ្តួចផ្តើមរបស់គណបក្សប្រជាជនកម្ពុជា អំពីបេសកកម្មដើម្បីសន្តិភាព និងការផ្សះផ្សា

អង្គការ COPPAL ដែលជាដៃគូរបស់ CDI តំណាងឱ្យគណបក្សនយោបាយចំនួន ៧៣គណបក្ស ប្តេជ្ញាគាំទ្ររាល់បណ្តាគំនិតផ្តួចផ្តើមរបស់គណបក្សប្រជាជនកម្ពុជា អំពីបេសកកម្មដើម្បីសន្តិភាព និងការផ្សះផ្សា ហើយនៅក្នុងអាណត្តិនេះ លោកជំទាវក្នុងនាមជាប្រធាន នឹងសូមគាំទ្រវីរភាពដឹកនាំទស្សនវិស័យរបស់សម្តេចតេជោ ក្នុងការស្វែងរកសន្តិភាព​ជូនប្រទេសកម្ពុជា និងក្នុងតំបន់ និងសូមកោតសរសើរអស់ពីដួងចិត្តចំពោះការលះបង់ ដែលសម្តេច​តេជោ​​​​បានធ្វើ និងបូជាជូនប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ បានអនុញ្ញាតឱ្យឯកឧត្តម Andrés Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ CDI-IDC (អតីតប្រធានាធិបតីកូឡុំប៊ី) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។

សម្តេចតេជោ ក៏បានសម្តែងការអបអរសាទរចំពោះលទ្ធផលដ៏ជោគជ័យនៃកិច្ចប្រជុំ IDC-CDI នៅខេត្តសៀមរាប ដែលទើបបានបញ្ចប់ និងមានសេចក្តីសោមនស្សរីករាយ ដែលឯកឧត្តមប្រធាន រួមជាមួយគណៈប្រតិភូ បន្តចូលរួមមហាសន្និបាតនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី ១២ ហៅកាត់ថា ICAPP ដែលគណបក្សប្រជាជនកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញបន្តទៀត។ សម្តេចតេជោ បានបន្តថា ការចូលរួមក្នុងបណ្តាកិច្ចប្រជុំនេះ គឺមានសារៈសំខាន់ខ្លាំងណាស់នាពេលបច្ចុប្បន្ន នៅពេលដែលពិភពលោកមានការវិវត្តយ៉ាងឆាប់រហ័ស ប្រកប​ដោយភាពគ្រោះថ្នាក់ ស្មុគ្រស្មាញ និងមិនអាចប៉ាន់ស្មានបាន ដែលតម្រូវឱ្យគណបក្សនយោបាយមកពីគ្រប់តំបន់ ចាំបាច់ត្រូវជួបពិភាក្សាគ្នា ស្វែងរកវិធីសាស្រ្ត ដែលអាចជួយនាំសន្តិភាពត្រឡប់មករកពិភពលោករបស់យើងវិញ។

ឯកឧត្តមប្រធាន បានបន្តថា ឯកឧត្តមពិតជាពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះបទអត្ថាធិប្បាយរបស់សម្តេច​តេជោ នៅក្នុងកម្មវិធីបើកសន្និបាត ICAPP ដែលសម្តេចតេជោ បានមានប្រសាសន៍ថា «នៅលើពិភពលោកនេះ គ្មានស្តង់ដារ សម្រាប់ការកសាងសន្តិភាពនោះទេ ហើយស្តង់ដារដែលមានសម្រាប់ពិភពលោក គឺមានតែក្នុងវិស័យកីឡាប៉ុណ្ណោះ ដែលគេប្រើស្តង់ដាររួមមួយ»។ ឯកឧត្តម ក៏បានឯកភាពថា មានតែប្រទេសយើងខ្លួនឯងប៉ុណ្ណោះ ដែលអាចបង្កើតវិធីសាស្រ្ត ឬស្តង់ដារក្នុងការកសាងសន្តិភាពឱ្យប្រទេសខ្លួនឯង។

ឯកឧត្តមបានបន្តថា ប្រទេសកម្ពុជា គឺជាប្រទេសគំរូសម្រាប់ប្រទេសកូឡុំប៊ី និងដោយផ្អែកតាមបទពិសោធន៍នេះ ឯកឧត្តមបានព្យាយាមចរចាជាមួយគ្រប់បណ្តាគណបក្សនយោបាយ និងគ្រប់ភាគីពាក់ព័ន្ធ ហើយជាលទ្ធផលនាពេលនេះប្រទេសកូឡុំប៊ី បានក្លាយជាប្រទេសគំរូមួយផងដែរ សម្រាប់ការផ្សះផ្សាដើម្បីសន្តិភាព។ ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងស្ញប់ស្ញែងចំពោះយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ដែលទទួលបានជោគ​ជ័យ រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ និងទទួលបានឯកភាពជាតិទាំងស្រុង។

ក្នុងឱកាសនោះផងដែរ លោកជំទាវ ប្រធានអង្គការ COPPAL ដែលជាដៃគូរបស់ CDI បានជម្រាបជូនសម្តេចតេ​ជោ ថានេះជាលើកទីមួយ ដែលលោកស្រីបានមកទស្សនាប្រទេសកម្ពុជា ហើយក្រោយពីបានទៅទស្សនានៅសារមន្ទីរ​គុកទួលស្លែង លោកជំទាវ ពិតជាមានអារម្មណ៍សោកសង្រេង និងតក់ស្លុតយ៉ាងខ្លាំង។ លោកជំទាវ បានបន្តទៀត​ថា ក្នុងនាមជាប្រធាន COPPAL តំណាងឱ្យគណបក្សនយោបាយចំនួន ៧៣ គណបក្ស លោកជំទាវប្តេជ្ញា គាំទ្ររាល់បណ្តាគំនិតផ្តួចផ្តើមរបស់ គណបក្សប្រជាជនកម្ពុជា អំពីបេសកកម្មដើម្បីសន្តិភាព និងការផ្សះផ្សា ហើយនៅក្នុងអាណត្តិនេះ លោកជំទាវ ក្នុងនាមជាប្រធាន នឹងសូមគាំទ្រវីរភាពដឹកនាំ ទស្សនវិស័យរបស់សម្តេចតេជោ ក្នុងការស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា និងក្នុងតំបន់ និងសូមកោតសរសើរអស់ពីដួងចិត្តចំពោះការលះបង់ ដែលសម្តេចតេជោបានធ្វើ និងបូជាជូនប្រទេសកម្ពុជា។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះពាក្យពេជន៍ដ៏មានតម្លៃ និងការគាំទ្រស្មារតី និងសកម្ម​ភាព​របស់ប្រទេសកម្ពុជាក្នុងបេសកកម្មដើម្បីសន្តិភាព និងការផ្សះផ្សា សម្រាប់ប្រទេសកម្ពុជាផ្ទាល់ និងសម្រាប់ពិភព​លោកទាំងមូល។ សម្តេចតេជោ បានបន្ថែមថា កម្ពុជាមិនអាចឱ្យបរទេសណា មកកាន់ជោគវាសនារបស់ប្រទេស​ខ្លួនបានឡើយ ហើយប្រសិនបើសង្រ្គាមផ្ទុះឡើងសាជាថ្មី មិនអាចមាន ហ៊ុន សែន លើកទីពីរ មកបញ្ចប់សង្រ្គាម​បាននោះទេ។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា នៅលើពិភពលោកនេះ គ្មានទេស្តង់ដារមួយនោះ សម្រាប់ការស្វែងរកសន្តិភាព ហើយស្តង់ដារមួយមានតែនៅក្នុងវិស័យកីឡាប៉ុណ្ណោះ។ យុត្តិធម៌ពិតប្រាកដ គឺជាយុត្តិធម៌ដែលមនុស្សគ្រប់រូប អាចទទួលយកបាន ហើយនេះគឺជាចំណុចសំខាន់ដែលបណ្តាគណបក្សនយោបាយគួរគិតគូរ៕