សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាមបន្តយកចិត្តទុកដាក់លើពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមសម្តេចតេជោផ្ទាល់ និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត បានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ ឯកឧត្តម តូ ឡឹម និងថ្នាក់ដឹកនាំវៀតណាម ដែលបានស្វាគមន៍ សម្របសម្រួល និងការពារសន្តិសុខល្អ ដល់ការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅខ្មែរក្រោមយ៉ាងរលូន ដែលនេះបង្ហាញឱ្យឃើញកិច្ចសហប្រតិបត្តិការវប្បធម៌ល្អ និងការថែរក្សាទំនៀមទំលាប់ខ្មែរក្រោម។

សម្តេចតេជោ ក៏បានកត់សម្គាល់យ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនខ្មែរក្រោម ដែលគោរព និង​អនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទបញ្ញត្តិនានារបស់អាជ្ញាធរវៀតណាម។ សម្តេច ក៏បានស្នើឱ្យ​អាជ្ញាធរ​វៀតណាមគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរដែលកំពុងរស់នៅក្នុងប្រទេសវៀតណាមផងដែរ។

ប្រសាសន៍សម្តេចតេជោ ក្នុងពេលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។

សម្តេចតេជោ ក៏បានស្នើវៀតណាម ពិនិត្យលទ្ធភាពចុះរួមគ្នាជាមួយកម្ពុជា ព្រមទាំងប្រទេសតាមដងទន្លេមេគង្គ នូវបេតិភណ្ឌអរូបីនានា ដូចជាសង្ក្រាន្ត។ ការចុះបញ្ជីនេះ អាចឱ្យការប្រារព្ធ ថែរក្សា និងផ្សារភ្ជាប់គ្នារវាងប្រទេសពាក់ព័ន្ធ។ សម្តេច ក៏បានស្នើឱ្យវៀតណាមជំរុញពង្រឹង និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ដោយកម្ពុជា បាននិងកំពុងនាំចេញគ្រាប់ស្វាយចន្ទីយ៉ាងច្រើនទៅវៀតណាម ។

ក្នុងជំនួបពិភាក្សាការងារនេះផងដែរ សម្តេចតេជោ ក៏បានស្នើឱ្យវៀតណាមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ប្រធានគណបក្សនៃប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសឡាវ ដែលខកខានមិនបានប្រជុំកន្លងមក និងសង្ឃឹម​ថា យន្តការប្រជុំប្រធានគណបក្សនៃប្រទេសយើងទាំងបីនេះ ដែលសម្តេចតេជោ បានផ្តួចផ្តើមឡើង នឹងស្ថិតនៅជានិរន្តន៍ និងសម្រេចបានគោលដៅជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា វៀតណាម ឡាវ នៅក្នុងបរិការស្មុគស្មាញនៅលើពិភពលោក។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ ត្រូវរក្សាក្របខណ្ឌដែលមានស្រាប់​ និងត្រូវពង្រីកក្របខណ្ឌនេះឱ្យធំឡើងជាបន្តបន្ទាប់ តាមរយៈយន្តការដែលមានកន្លងមក និងគ្រប់ទិដ្ឋភាពមិនផ្លាស់ប្តូរ ធានារក្សាបានសន្តិសុខ ទោះក្នុងសភាពការណ៍ណាក៏ដោយ និងទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល តាមរូបភាពបដិវត្តន៍ពណ៌ ដែលនៅតែបន្តមាន៕