សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ី CT Corp ចាប់អារម្មណ៍លើវិនិយោគនៅកម្ពុជា 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដមបណ្ឌិត Chairul Tanjung ប្រធានសម្ព័ន្ធក្រុមហ៊ុន CT Corp ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ 

ក្នុងឱកាសនៃជំនួប ឯកឧត្ដមបណ្ឌិត Chairul Tanjung ប្រធានសម្ព័ន្ធក្រុមហ៊ុន CT Corp បានកោតសរសើរការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងគូសបញ្ជាក់ពីចំណាប់អារម្មណ៍របស់សម្ព័ន្ធក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។  

ឯកឧត្តម បន្តថា CT Corp គឺជាសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំមួយ ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះជាច្រើន ជាពិសេសលើ វិស័យហិរញ្ញវត្ថុ, សួនកំសាន្ត, អចលនទ្រព្យ, សណ្ឋាគារ, និងផ្សារទំនើប។ 

ទន្ទឹមគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក៏ដូចជាដៃគូអាជីវកម្មក្នុងស្រុក ដើម្បីចាប់យកឱកាសវិនិយោគ នៅកម្ពុជា ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមានវិស័យសក្តានុពល និងកាលានុវត្តភាពជាច្រើនសម្រាប់ក្រុមហ៊ុន ក្នុងទីផ្សារនាំចេញ និងទីផ្សារក្នុងស្រុក។ ហើយកម្ពុជាមានការតភ្ជាប់ទីផ្សារយ៉ាងទូលំទូលាយក្នុងតំបន់ និងពិភពលោក ជាពិសេស តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ។  

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានចែករំលែកពីគោលនយោបាយ វិធានការ និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ច ការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។

គួរបញ្ជាក់ថា នៅក្នុងជំនួបនេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្តប្រធានសម្ព័ន្ធក្រុមហ៊ុន ក៏បានផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាព និងវិស័យសក្តានុពលមួយចំនួន រួមមាន៖ វិស័យហិរញ្ញវត្ថុ,  អចលនទ្រព្យ, កសិកម្ម  និងកសិ-ឧស្សាហកម្ម, អប់រំ,  បច្ចេកវិទ្យា,  ទេសចរណ៍, សួនកំសាន្ត, សណ្ឋាគារ,  ផ្សារទំនើប ជាដើម។