តុលាការផ្តន្ទាទោសលោក នី ណាក់ ម្ចាស់ផេក«Iman KH» ពីបទ «បរិហារ​កេរ្តិ៍ជាសាធារណៈនិ​ង​ញុះញង់ឲ្យមាន​ការរើស​អើង»

ចៅក្រមជំនុំជម្រះ លោក ទិត្យ សុទ្ធីបូរ៉ាឆាត អមដោយលោក សេង ហៀង ជាតំណាងអយ្យការ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងលោក នី ណាក់ ម្ចាស់ផេក «Iman KH» ដោយសម្រេច ដាក់ពន្ធនាគារកំណត់ ២ឆ្នាំ ពិន័យ(៣លានរៀល) ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង»។

សាលក្រមដដែលនេះ ចៅក្រមជំនុំជម្រះក៏បានសម្រេចឱ្យលោក នី ណាក់ សងជម្ងឺចិត្តទៅដើមបណ្តឹងចំនួន(២០០លានរៀលផងដែរ។

ទាក់ទងសំណុំរឿងខាងលើនេះដែរ សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានបដិសេធសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់មេធាវីការពារក្ដីលោក នី ណាក់ ក្រោយសវនាការដែលបានធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ លើបណ្តឹងស្នើសុំនៅក្រៅឃុំរបស់លោកមេធាវី ជួង ជុងងី។ លោក ជួង ជុងងី បានប្តឹងសុំឲ្យកូនក្តីរបស់ខ្លួនជនជាប់ចោទឈ្មោះ នី ណាក់ បាននៅក្រៅឃុំ ដោយបានលើកហេតុផលថា ជនជាប់ចោទមានជំងឺប្រចាំកាយ។

តំណាងអយ្យការលោក សេង ហៀង បានបដិសេធលើបណ្តឹងខាងលើ ដោយលោកបញ្ជាក់នៅក្នុងសវនាការនេះថា «ទី១៖ នៅក្នុងមន្ទីរអប់រំកែប្រែនីមួយៗ សុទ្ធតែមានពេទ្យប្រចាំការ ហើយក្នុងហេតុផលជំងឺធ្ងន់ អាចសុំមកមន្ទីរពេទ្យដើម្បីបន្តព្យាបាល។ ទី២៖ ជនជាប់ចោទ នី ណាក់ ធ្លាប់ជាប់ពន្ធានាគារម្តងហើយ ការជាប់គុកលើកនេះ គឺមានបទល្មើសមិនរាងចាល ហេតុដូច្នេះអយ្យការសម្រេច បដិសេធលើបណ្ដឹងស្នើសុំនៅក្រៅឃុំ»។

ទីបញ្ចប់នៃសវនាការលើរឿងនេះ ចៅក្រមជំនឿជម្រះ លោក ទិត្យ សុទ្ធីបូរ៉ាឆាត បានប្រកាសសាលក្រម សម្រេចបដិសេធដោយមិនអនុញ្ញាត្តិឲ្យជាប់ចោទ នី ណាក់ បាននៅក្រៅតាមបណ្តឹងស្មើសុំរបស់មេធាវី។

សូមរំលឹកថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក នី ណាក់ ម្ចាស់ផេក «Iman KH» ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង»។

លោក នី ណាក់ កើតឆ្នាំ១៩៧៩ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការភ្លាមៗ កាលពីព្រឹកថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីលោកនិយាយបរិហារលើ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នរាជរដ្ឋាភិបាលជាច្រើនទៀត កាលពីខែធ្នូកន្លងទៅនេះ។ ការសម្រេចឃុំខ្លួន លោក នី ណាក់ ធ្វើឡើងដោយចៅក្រម ញឹម ពិសាល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ កាលពីឆ្នាំ២០២០ ក្រោមបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» ដោយតុលាការបានផ្តន្ទាទោស រយៈពេល១៨ខែ លោកបានចេញពីពន្ធនាគារ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១៕