ឯកឧត្ដម ប្រាក់ សុខុន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជា​រដ្ឋមន្ត្រីក្រសួងការបរទេស ជំនួសឯកឧត្តម សុខ ចិន្ដាសោភា

ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ នៃព្រឹទ្ធសភា ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជាឯកច្ឆ័ន្ធក្រោមសំឡេង ១១២ លើ១១២សំឡេង តែងតាំងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការប​រទេ​ស និងសហប្រតិបត្តិការអន្តរជាតិ​ឡើងវិញ ជំនួសឯកឧត្តម សុខ ចិន្តាសោភា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។ ឯកឧត្តម ប្រាក់ សុខុន ធ្លាប់តំណែងជារបស់ជារដ្ឋមន្រ្តីក្រសួងការប​រទេ​ស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងចុងអាណត្តិទី៥ និងអាណត្តិទី៦។

ក្នុងឱកាសអញ្ជើញចូលរួមប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧ ដើម្បីរៀបចំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែ​សម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់ក្នុងការបង្កើននិងពង្រឹងបន្ថែមនូវសមត្ថភាព និងប្រសិទ្ធភាពនៃយន្តការដឹកនាំនៅក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេសនៅក្នុងវិស័យការបរទេស និងកិច្ចសហប្របត្តិការអន្តរជាតិ និងវិស័យពាណិជ្ជកម្មដោយផ្ដោតជាសំខាន់លើការជំរុញអនុវត្តលើគោលនយោបាយការបរទេសប្រកបដោយភាពបត់បែននិងឈ្លាសវៃ ឈរលើមូលដ្ឋានឯករាជ្យនិងច្បាប់អន្តរជាតិ ការប្ដេជ្ញាការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ការការពារសន្តិភាព និងស្ថេរភាពសង្គម ការការពារយុត្តិធម៌ និងកិត្យានុភាពកម្ពុជា ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការបន្តយកចិត្តទុកដាក់ក្នុងថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាព និងសហប្រតិបត្តិការពហុវិស័យដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្ដាប្រទេស និងដៃគូសំខាន់ៗទាំងក្នុងតំបន់ និងក្រៅតំបន់និងលើឆាកអន្តរជាតិ ព្រមទាំងការបន្តចូលរួមកាន់តែសកម្មនៅក្នុងបុព្វហេតុសន្តិភាព ស្ថេរភាព និងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាលើពិភពលោក។

ជាការអបអរសាទរដល់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជារដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជំនួស ឯកឧត្តម សុខ ចិន្ដាសោភា ដែលបន្តតំណែងជាឧបនាយករដ្ឋមន្ត្រី សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា «បទពិសោធន៍របស់ ឯកឧត្តម ប្រាក់ សុខុន ក្នុងវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបទពិសោធន៍របស់ ឯកឧត្តម សុខ ចិន្ដាសោភា ក្នុងវិស័យពាណិជ្ជកម្មនិង វិនិយោគ ពិតជាបានបង្កើននូវសមត្ថភាពនិងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តគោលនយោបាយការបរទេសនិង ពាណិជ្ជកម្មរបស់កម្ពុជាលើឆាកអន្តរជាតិប្រកបដោយភាពបត់បែននិងអាចប្រែក្លាយបញ្ហាប្រឈមនានាទៅជាកាលានុវត្តភាពសម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ»។

ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចផ្ទាល់ បានសម្ដែងការកោតសរសើរអស់ពីដួងចិត្តនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្រជូនចំពោះអង្គរដ្ឋសភាដែលជានិច្ច ក្នុងនាមជាស្ថាប័ននីតិបញ្ញត្តិដែលទទួលនូវសេចក្ដីទុកចិត្តយ៉ាងពេញលេញពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសតែងតែបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រទេសជាតិក្នុងការផ្ដល់នូវការគាំទ្រសព្វបែបយ៉ាងដល់រាជរដ្ឋាភិបាលនូវក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍លើគ្រប់វិស័យនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា៕