IFC បានបោះទុនវិនិយោគ ១,៥ពាន់លានដុល្លារ និងប្តេជ្ញាជាដៃគូដ៏ល្អមួយនៅក្នុងដំណើរអភិវឌ្ឍរបស់កម្ពុជា

សាជីកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មានវត្តមាននៅកម្ពុជា អស់រយៈពេលជាង ២០ឆ្នាំមកហើយ ក្នុងនោះត្រឹមតែ១ ទសវត្សរ៍ចុងក្រោយនេះ IFC បានបោះទុនវិនិយោគនៅកម្ពុជា ដែលគិតជាទឹកប្រាក់សរុបចំនួន ១,៥ ពាន់លានដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់លោកជំទាវ Towfiqua Hoque(ថូហ្វីកា ហ៊ុក) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក្នុងពេលចូលជួបសម្ដែងការគួរសមសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

លោកជំទាវ បានបន្តទៀតថា IFC មានការប្តេជ្ញាចិត្តចូលរួមចំណែកក្នុងនាមជាដៃគូដ៏ល្អមួយ នៅក្នុងដំណើរអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លោកជំទាវ មានប្រសាសន៍បន្តថា ក្នុងអាណត្តិរបស់លោកជំទាវIFC នឹងធ្វើយ៉ាងណាឱ្យដំណើរការគម្រោងរបស់វិស័យឯកជន និងវិស័យសាធារណៈ អនុវត្តបានជោគជ័យ និងចូលរួមជំរុញគោលដៅរបស់កម្ពុជា ប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្លាយជាការពិត។

លោកជំទាវសន្យាថា នឹងធ្វើការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងផ្នែកពាក់ព័ន្ធដទៃទៀត គាំទ្រការអភិវឌ្ឍជំនាញបង្កើនផលិតភាពភាពប្រកួតប្រជែងឱ្យមានការរីកចម្រើនដូចមុនវិបត្តិកូវីដ១៩ និងបន្តប្រកបដោយប្រសិទ្ធភាពក្នុងវិស័យកាត់ដេរ ជាមួយធនាគារជាតិនៃកម្ពុជា ជាមួយវិស័យកសិកម្ម កម្មន្តសាល និងវិស័យផ្សេងៗជាច្រើនទៀត។

សម្ដេចតេជោ ហ៊ុន សែន មានជំនឿថា វត្តមានរបស់លោកជំទាវ នឹងជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាង IFC និងកម្ពុជា ក៏ដូចជាចូលរួមកាន់តែខ្លាំងក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជា។ សម្ដេចបានមានប្រសាសន៍ទៀតថា សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មានវត្តមាននៅប្រទេសកម្ពុជាតាំងពី សម្ដេចដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណក្នុងរាជរដ្ឋាភិបាលនីតិកាលទី២ បន្តមកដល់យុទ្ធសាស្ត្រចតុកោណ និងរហូតមកដល់យុទ្ធសាស្ត្របញ្ចកោណនៅពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ បានបន្តទៀតថា ការដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ និងបច្ចុប្បន្នឈានមកដល់យុទ្ធសាស្រ្តបញ្ញកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលជំនាន់ថ្មី គឺដើម្បីធានាថាប្រទេសកម្ពុជា នឹងចាកចេញពីប្រទេសអភិឌ្ឍតិចតួចក្នុងឆ្នាំ២០២៩ រួចនឹងឈានទៅសម្រេចបានប្រទេសជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។ សម្តេចតេជោ ក៏បានជម្រាបលោកជំទាវតំណាង IFC ឱ្យតាមដានមើលការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រដ្ឋាភិបាលអាណត្តិថ្មី ដែលមានភាពជឿនលឿន និងមានល្បឿនជាងអាណត្តិមុនៗ៕