ប្រធានាធិបតីទីម័រឡេស្តេ ផ្តល់មេដាយថ្នាក់ខ្ពស់បំផុតជូនសម្ដេចតេជោ ហ៊ុន សែន ដែលបានជួយដល់ទីម័រឡេស្តេ និងសន្តិភាពក្នុងតំបន់

ប្រធានាធិបតីទីម័រឡេស្តេ អញ្ជើញសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងទទួលមេដាយថ្នាក់ខ្ពស់បំផុតទីម័រឡេស្តេ នាពេលខាងមុខ ដើម្បីជាការអរគុណនិងដឹងគុណចំពោះសម្តេច ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងរក្សាសន្តិភាព​នៅក្នុងតំបន់ ក៏ដូចជាជួយដល់ប្រទេសរបស់ឯកឧត្តមកន្លងមក។ ការអញ្ជើញនេះ ត្រូវបានឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) ជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា ថ្នាក់ដឹកនាំរបស់ទីម័រឡេស្តេ គឺ ឯកឧត្តម Jose Manuel Ramos-Horta ប្រធានាធិបតី និង ឯកឧត្តម Kay Rala Xanana Gusmão ដែលជាអតីតប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនលើក ដែលទាំងអស់នេះបានពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាបងប្អូនរវាងកម្ពុជានិងទីម័រឡេស្តេ ដោយប្រទេសយើងទាំងពីរមានប្រវត្តិសាស្ត្រស្រដៀងគ្នា។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចាត់ទុកថា សម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែ សម្ដេចតេជោក៏ជាមេដឹកនាំសម្រាប់តំបន់និងពិភពលោកផងដែរ។ ឯកឧត្តម បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានការអភិវឌ្ឍនិងមានវឌ្ឍនភាពលើគ្រប់វិស័យ ហើយឯកឧត្តមបានធ្វើដំណើរទៅខេត្តចំនួន១៩ ដោយក្នុងនោះ ឯកឧត្តមក៏ធ្លាប់បានធ្វើដំណើរតាមរ៉ឺម៉កកង់៣ គឺបានដឹងពីការរស់នៅយ៉ាងល្អប្រសើរពិតប្រាកដរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងការដឹងគុណនិងកោតសរសើរចំពោះការដឹកនាំរបស់ សម្ដេចតេជោ ក្នុងការនាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ប្រជាជនមានការងារធ្វើ មានជីវភាពរីកចម្រើន មានលំនៅឋានរស់នៅសមរម្យ និងកាន់ប្រសើរឡើងជាលំដាប់។

ឯកឧត្តមឯកអគ្គរដ្ឋទូត​បានកោតសរសើរនូវសមិទ្ធផលយ៉ាងត្រចះត្រចង់គួរជាទីមោទនៈ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២កន្លងទៅ ជាពិសេសគឺការជួយជ្រោមជ្រែងរបស់កម្ពុជា ក៏ដូចជាការជួយសម្របសម្រួលជាមួយប្រទេសជាសមាជិក៩ផ្សេងទៀតនៅក្នុងអាស៊ាន ដើម្បីអាចទទួលយកទីម័រឡេស្តជាសមាជិក បន្ទាប់ពីបានដាក់សំណើអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ឯកឧត្តម ក៏បានរំលឹកផងដែរថាប្រជាជនទីម័រឡេស្តេនិងថ្នាក់ដឹកនាំទីម័រឡេស្តេ ជាពិសេសប្រធានាធិបតី គឺតែងតែលើកឡើងពីមោទនភាពចំពោះសម្ដេចតេជោ និងបាននិយាយពីការងើបឡើងខាងសេដ្ឋកិច្ចរបស់កម្ពុជាដែលមានការរីកមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានពាំនាំនូវការអញ្ជើញពី ឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេ ជូនសម្ដេចតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងទទួលមេដាយថ្នាក់ខ្ពស់បំផុតទីម័រឡេស្តេ នាពេលខាងមុខ ដើម្បីជាការអរគុណនិងដឹងគុណចំពោះសម្តេច ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងរក្សាសន្តិភាព​នៅក្នុងតំបន់ ក៏ដូចជាជួយដល់ប្រទេសរបស់ឯកឧត្តមកន្លងមក។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់ប្រធានាធិបតីទីម័រឡេស្តេ ទៅបំពេញទស្សនកិច្ចផ្លូវការ ដោយសម្ដេចតេជោបញ្ជាក់ថា នឹងរកពេលវេលាសមស្រប ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេសាជាថ្មី៕