សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងជំនួបនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា បានបញ្ជាក់ថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាឱកាសនេះ មានក្រុមហ៊ុនជប៉ុន ចំនួន២៦ បានចូលរួម និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនដូចជា៖ វិស័យកសិកម្ម, ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។
ឯកឧត្តមប្រធានសមាគម បានបន្តថា សមាគមបានខិតខំផ្សព្វផ្សាយអំពីសក្កានុពលកម្ពុជា ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុន ជាពិសេសប្រភេទសហគ្រាសធុនតូច និងមធ្យម (SME) ជប៉ុនមកវិនិយោគនៅកកម្ពុជាថែមទៀត ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្តម បន្ថែមថា សមាគមក៏បានបើកដំណើរការិយាល័យរបស់ខ្លួន ប្រចាំនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៤ និងបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា បង្កើតសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈចំនួន៣ ដែលរួមមាន៖ សាលាបណ្ដុះបណ្ដាលជំនាញជួសជុលយានយន្ត, សាលាបណ្ដុះបណ្ដាលជំនាញតុបតែង និងកែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។
ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមាគមជប៉ុន-កម្ពុជា ដែលតែងតែបានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជប៉ុន-កម្ពុជា ជាពិសេសការពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យឯកជនរបស់ជប៉ុនបានចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។
សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគជប៉ុន ដែលចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ និងបានបញ្ជាក់ថា ការជំរុញប្រភេទក្រុមហ៊ុន SME ជប៉ុន មកវិនិយោគនៅកម្ពុជាន គឺស្របទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការជំរុញ និងលើកកម្ពស់ SME នៅកម្ពុជា ក្នុងការបង្កើតទៅជាខ្សែច្រវាក់ផលិតកម្មមួយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ចនិងការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សរបស់សមាគម សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសមាគមពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរៀបចំផែនការឱ្យបានច្បាស់លាស់ស្របទៅនឹងតម្រូវការជាក់ស្តែង៕