អាជ្ញាធរខេត្តតាកែវ គ្រោងនឹងចាប់ផ្ដើមដាំដើមឈើនៅតាមមាត់បឹងតាកែវ នៅពេលឆាប់ៗនេះ ដើម្បីធ្វើយ៉ាងណាកែលម្អសោភ័ណភាពផ្ទៃបឹងតាកែវឱ្យកាន់តែស្រស់បំព្រងមួយកម្រិតទៀត នៅពេលដែលបឹងតាកែវនឹងត្រូវរៀបចំជាទីតាំងបុណ្យទន្លេនៅអំឡុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។
ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមនៅក្នុងពិធីរៀបចំវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល៣ឆ្នាំ(២០២១ដល់ ២០២៣) របស់ខេត្តតាកែវ នៅព្រឹកថ្ងៃ អង្គារ៍ ទី ១៩ ខែ វិឆ្ឆាកា ឆ្នាំ ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានថ្លែងថា នៅខែមីនា ឆ្នាំ ២០២៥ខាងមុខនេះ ខេត្តតាកែវ ត្រូវបានជ្រើសរើសជាទីតាំងសម្រាប់ពិធីបុណ្យទន្លេ ដោយយើងជ្រើសរើសយកបឹងតាកែវធ្វើជាទីតាំង ដូច្នោះមន្រ្តីជំនាញពាក់ព័ន្ធ រួមនិងអាជ្ញាធរក្រុងដូនកែវ ត្រូវចូលរួមសហការគ្នាកែលម្អសោភ័ណភាពជុំវិញបឹងតាកែវឱ្យមានសោភ័ណភាពស្រស់បំព្រងជាពិសេសត្រូវចាប់ផ្ដើមដាំដើមឈើតាមមាត់បឹងក្នុងពេលឆាប់ៗ។
ឯកឧត្តម វ៉ី សំណាង បានលើកឡើងបន្ថែមថា ពិធីបុណ្យទន្លេនិងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើន ដូច្នោះនេះវាជាឱកាសមួយសម្រាប់ខេត្តតាកែវ បង្ហាញពីសក្ដានុពលដែលខេត្តមាន ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសបង្ហាញពីសោភ័ណភាពរបស់ក្រុងដូនកែវ ដែលជាបេះដូងរបស់ខេត្តតាកែវ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរក្រុងដូនកែវ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវត្រៀមខ្លួន និងរៀបចំផែនការ ការពារសណ្ដាប់ធ្នាប់និងថែរក្សាការពារសុវត្ថិភាព សន្តិសុខឱ្យបានល្អប្រសើរនៅក្នុងពិធីបុណ្យទន្លេខាងមុខ៕