សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា ពីប្រទេសរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសឈានមុខក្នុងបុព្វហេតុសន្តិភាព ដែលត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសសកម្មបំផុតមួយក្នុងវិស័យបោសសម្អាតមីន និងប្រទេសដែលខិតខំតស៊ូមតិដើម្បីសកម្មភាពមីន។ សម្តេចបានបន្តថា កម្ពុជា ត្រៀមខ្លួនរួចជាស្រេចដើម្បីសន្តិភាពទូទាំងតំបន់។ ប្រសាសន៍របស់សម្តេចបវរធិបតី ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះ នាកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សម្ដេចបវរធិបតី ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងអនុប្រធានគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ បានចាត់ទុកថា កិច្ចប្រជុំ IDC-CDI នាពេលនេះ គឺស្របគ្នានឹងបញ្ហាដ៏ក្តៅកគុកនាពេលបច្ចុប្បន្ន ហើយសម្តេចជឿជាក់ថា ការរួមគ្នាក្នុងកិច្ចប្រជុំនេះ នឹងក្លាយជាអ្នកតស៊ូមតិដ៏មានឥទ្ធិពល សម្រាប់សន្តិភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដែលមានគោលបំណងពន្លឿនការស្តារសេដ្ឋកិច្ច ឲ្យឆ្ពោះទៅរកការអភិវឌ្ឍ និងវិបុលភាព។
បើតាមសម្តេចបវរធិបតី ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាយើងមានបំណងជំរុញលទ្ធិប្រជាធិបតេយ្យបែបកណ្តាលរួមជាមួយនឹងប្រទេស និងគណបក្សនយោបាយដែលមានគំនិតដូចគ្នា គាំទ្រពហុភាគីនិយម និងពហុនិយមក្នុងអភិបាលកិច្ចនយោបាយ។ សម្តេចធិបតី បានថ្លែងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងសន្តិភាពការផ្សះផ្សារជាតិនិងការអភិវឌ្ឍន៍នៅកម្ពុជា។
សម្ដេចបវរធិបតី បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាអនុប្រធាន IDC-CDI គណបក្សប្រជាជនកម្ពុជាបានចូលរួមចំណែក ប្រកបដោយមោទកភាពចំពោះការអភិវឌ្ឍ និងការពង្រឹងប្រទេសប្រជាធិបតេយ្យដ៏រឹងមាំមួយនៅក្នុងតំបន់។ CPP បានចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមនយោបាយក្នុងតំបន់ និងពិភពលោកផ្សេងៗ ដោយ ប្រើបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការកសាងសន្តិភាព និងការផ្សះផ្សា។
សម្ដេចបវរធិបតី បានបន្ថែមថា ក្នុងនាមជាប្រទេសតូច មហិច្ឆតារបស់កម្ពុជាមិនមែនជាកម្លាំងយោធាទេ ប៉ុន្តែគឺការបង្កើតសន្តិភាព។ យ៉ាងណាមិញ កម្ពុជាគ្រាន់តែស្វែងរកការរស់នៅក្នុងសន្តិភាព ដើម្បីរីកចម្រើនជារដ្ឋអធិបតេយ្យ ជាមួយនឹងភ្នាក់ងារ និងបូរណភាព ទឹកដីរបខ្លួន។
ជាថ្មីម្តងទៀត សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវដល់សមាជិកនៃមហាគ្រួសារគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(IDC-CDI) រួមគ្នារក្សាសន្តិភាពពិភពលោក។
សូមបញ្ជាក់ថា បច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩ គណបក្ស មកពី៨៣ ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាម៉េរិកឡាទីន អាម៉េរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។ គណបក្សប្រជាជនកម្ពុជាបានចូលជា សមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធាន អង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ ចំនួន ៣ អាណត្តិមកហើយ៕
អត្ថបទ៖ អក្ខរា