នាយឧត្តមសេនីយ៍ ទៀ សីហា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរ​ដ្ឋមន្ត្រីការ​ពារ​ជាតិអាស៊ានលើកទី១៨នៅប្រទេសឡាវ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ វិច្ឆិកា

តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ,ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៨ ,កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី១១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានបញ្ជាក់ថា អញ្ជើញអមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ទៅចូលរួមកិច្ចប្រជុំនេះ រួមមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស រួមជាមួយ ឯកឧត្តម លោកជំទាវ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ មួយចំនួនទៀត។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២៤ នឹងធ្វើឡើងក្រោមប្រធានបទ “អាស៊ាន៖ រួមគ្នាដើម្បី សន្តិភាព សន្តិសុខ និងភាពធន់” នឹងផ្តោតកិច្ចពិភាក្សារួមគ្នា រិះរកវិធីដើម្បីបង្កើនភាពជឿជាក់ និងទំនុកចិត្ត និង លើកកម្ពស់សមត្ថភាពកងទ័ព ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងជាមួយ ប្រទេសជាដៃគូ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពធន់ក្នុងតំបន់។

ក្រៅពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងព្រឹត្តិការណ៍ពាក់ព័ន្ធ មួយចំនួនទៀតដែរ រួមមាន (១) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន (២) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក (៣) ពិធីរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន-អូស្ត្រាលី (៤) ពិធីរំលឹកខួបលើកទី៣៥ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន-សាធារណរដ្ឋកូរ៉េ និង (៥) ពិធីប្រគល់តួនាទី ជាប្រធាន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក សម្រាប់ឆ្នាំ២០២៥ ពីប្រទេសឡាវ ជូនប្រទេសម៉ាឡេស៊ី។

ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិ ក៏គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសបូកមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនង ទ្វេភាគីលើវិស័យការពារជាតិ បន្ថែមទៀតផងដែរ៕

អត្ថបទ៖ ពុទ្ធិកា