ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅដោយរលូននិងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរនិងភ្ញៀវទេសចរមកពីគ្រប់ទិសទី ។
ប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ភាពជោគជ័យនេះអាចសម្រេចទៅបានគឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធទាំងអស់ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសន្តិសុខសុវត្ដិភាពនិងសណ្តាប់ធ្នាប់សាធារណៈបង្កលក្ខណ:គ្រប់បែបយ៉ាងដេីម្បីបម្រេីដល់ដំណេីរការនៃព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយជាទីបំផុត ។
សម្តេចបវរធិបតីបានបន្តថា៖ «ក្នុងនាមប្រមុខរាជរដ្ឋាភិបាលនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមអរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការរៀបចំដំណេីរប្រព្រឹត្តទៅនៃកម្មវិធី និងការបោសសម្អាត គ្រប់គ្រងអនាម័យ ធានាបាននូវសោភ័ណភាពល្អប្រណិត»។
ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី សូមថ្លែងអរគុណដល់ក្រុមការងារសម្តែងសិល្បៈគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ សិល្បៈការិនីទាំងអស់ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពសប្បាយរីករាយនិងការរាំលេងកំសាន្តគ្រប់ទីកន្លែងជូនដល់មហាជន ប្រកបដោយភាពស្រស់ស្រាយសប្បាយអឺងកង៕