ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅមុខព្រះបរមរាជវាំង ឆ្នាំនេះ គណៈកម្មការបច្ចេកទេស បានដាក់កាមេរ៉ាសុក្រឹត្យភាពបន្ថែម ដើម្បីជួយពង្រឹងការដាក់ពិន្ទុដល់ទូកដែលអុំប្រណាំងឱ្យកាន់តែច្បាស់បន្ថែមទៀត ពីលើការដាក់ពិន្ទុបែបប្រពៃណី នាពេលកន្លងមក ។ កាមេរ៉ាសុក្រឹតភាពនៅទីព្រ័ត្រ បញ្ជាក់ពីភាពយុត្តិធម៌ក្នុងការវាយតម្លៃឈ្នះឬចាញ់ សម្រាប់ទូកនីមួយៗក្នុងពេលប្រកួត។
តាមការចេញផ្សព្វផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ក្រៅពីណែនាំលើបច្ចេកទេសទិដ្ឋភាពទូទៅសម្រាប់ការអុំប្រណាំងឲ្យមានសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ គណៈ កម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ក៏បានណែនាំ ដល់គណៈកម្មការបច្ចេកទេស និងអនុគណៈកម្មការបច្ចេកទេស ត្រូវតែច្បាស់លាស់លើការអុំប្រណាំងចាប់តាំងពីទីចេញដំណើរ រហូតដល់ទីព្រ័ត្រ ជាពិសេសពិនិត្យការផ្គូរផ្គងវាយតម្លៃឲ្យបានច្បាស់លាស់ និងមានភាពយុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជាកម្លាំងត្រៀម ដើម្បីចៀសវៀងការកើតមានជាបាតុភាពមិនល្អណាមួយក្នុងព្រះរាជពិធី ៕