ដោយគិតគូរពីភាពហត់នឿយរបស់មន្ត្រីរាជការ និងកងកម្លាំងសមត្ថកិច្ចដែលបំពេញភារកិច្ចក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានពាំនាំយកទឹកពិសាបរិសុទ្ធ និងទឹកក្រូច ចំនួន៤០០០កេស ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលទឹកបរិសុទ្ធនិងទឹកក្រូចនេះ បានធ្វើឡើង ក្រោមវត្តមានឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា លាង ម៉េង តំណាងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
នៅក្នុងឳកាសនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងទាំងអស់ ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខឯកឧត្តមផ្ទាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ដែលបានឧបត្ថម្ភ ទឹកពិសាកម្ពុជា ចំនួន ៣,០០០កេស និងទឹកក្រូច អាយស៍(IZE) ចំនួន ១,០០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។
ឯកឧត្ដម បន្តថា តាមរយៈអំណោយដែលជាទឹកចិត្តដ៏ថ្លៃថ្លានេះ បានបង្ហាញឱ្យឃើញអំពីការគិតគូរជូនដល់មន្ត្រីរាជការ និង កងកម្លាំង នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលកំពុងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋដែលមកទស្សនាកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ៕
អត្ថបទ៖ ពុទ្ធិកា