អភិបាលរាជធានីភ្នំពេញ ជិះកាណូត​ពិនិត្យភូមិសាស្ត្រ ត្រៀមសម្រាប់​ព្រះរាជពិធីបុណ្យអុំទូក

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំ មន្ត្រី និងអាជ្ញាធរខណ្ឌ ដែលមានភូមិសាស្ត្រជាប់មាត់ទន្លេចុះពិនិត្យ សណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ ដែលទីតាំងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នារសៀលនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថាការដឹកនាំ មន្ទីរពាក់ព័ន្ធមន្ត្រីនិងអាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រជាប់មាត់ទន្លេ ពីសំណាក់ឯកឧត្ដមឃួង ស្រេងនាពេលនេះ គឺដើម្បីពិនិត្យពីវឌ្ឍនភាពចុងក្រោយនៃការសណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន តាមដងទន្លេ ថាតើបានរៀបចំដូចអ្វីដែលបានគ្រោងទុកទេ។

លោកស្រី ដោ សម្ផស្ស បានបន្តថា ក្រោយការជិះកាណូតមួយជុំ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន ច្បារអំពៅ ជ្រោយចង្វា និងខណ្ឌឬស្សីកែវ រួចឃើញថា អ្វីដែលជាគម្រោង គឺក្រុមការងារអនុវត្តបានល្អ រហូតទទួលបានការកោត​សរសើរពីមជ្ឈដ្ឋានខាងក្រៅទៀតផង ដោយថា ឆ្នាំនេះការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ បរិស្ថាន និងការរៀបចំចំណតទូក ការណូត ទូក ង នៅតាមដងទន្លេមានលក្ខណៈល្អប្រសើរជាងបណ្តាឆ្នាំមុនៗ៕