ក្នុងព្រះរាជក្រឹត្យ កាលពីថ្ងៃទី០៦ វិច្ឆិកា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ បង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព ដែលសរសេរជាអក្សរកាត់ថា ផ.ក.អ. ដែលជាយន្តការដឹកនាំសម្របសម្រួល និងអនុវត្តការងារ ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូន ប្រជា ពល រដ្ឋក្រីក្រគ្មានទីលំនៅសម្រាប់សង់លំនៅឋាន និងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។
គណៈកម្មាធិការជាតិនេះ មានភារកិច្ច រួមមាន កំណត់និងដាក់ចេញនូវគោលនយោបាយចំពោះកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព ,ពិនិត្យនិងកំណត់ទីតាំងដីដែលត្រូវជ្រើសរើសដាក់បញ្ចូលក្នុងកម្មវិធី ,ពិនិត្យនិងសម្រេចលើបុគ្គលមានសិទ្ធិទទួលបានដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច, ពិនិត្យនិងសម្រេចលើផែនការអភិវឌ្ឍនៅទីតាំងនិងនៅជិតទីតាំងកម្មវិធី ។
ពិនិត្យនិងសម្រេចលើសំណើលុបចោលការសម្រេចឬកែសម្រួលផែនការប្រើប្រាស់និងបែងចែកដី ព្រមទាំងដកហូតដីពីបុគ្គលមានសិទ្ធិទទួលដី ដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌនៃ ការកាន់កាប់និងប្រើប្រាស់ដី ,ពិនិត្យនិងសម្រេចលើគម្រោងថវិកាក្នុងការអនុវត្តកម្មវិធី, ពិនិត្យនិងសម្រេចលើបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋពាក់ព័ន្ធកម្មវិធី ,សម្របសម្រួលនិងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលមានចំណងចូលរួមគាំទ្រកម្មវិធី និងផ្តល់ការតម្រង់ទិសលើការអនុវត្តកម្មវិធី ឲ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល។
គណៈកម្មាធិការជាតិនេះ ត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រីជាប្រធាន អមដោយអនុប្រធានចំនួន ១១រូប និងសមាជិក២៧រូប។ សមាសភាពនៃគណៈកម្មាធិការជាតិ ជាក់ស្តែងត្រូវតែងតាំងដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងអាចមានសមាសភាពបន្ថែម ជាប្រធានស្ថាប័ន ឬតំណាងនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ឬឥស្សរជនជាន់ខ្ពស់ផ្សេងទៀតនៃរាជរដ្ឋាភិបាល តាមការចាំបាច់។ ចំពោះការងារប្រជុំត្រូវធ្វើឡើង យ៉ាងតិចរៀងរាល់៦ខែម្តងតាមការអញ្ជើញរបស់ប្រធាន។ ក្នុងករណីចាំបាច់ ប្រធាន អាចប្រគល់សិទ្ធិជូនអនុប្រធានណាម្នាក់ដើម្បីដឹកនាំកិច្ចប្រជុំជំនួស៕
អត្ថបទ៖ ពុទ្ធិកា