កត្តា៣យ៉ាងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អះអាងថាញ៉ាំងឱ្យការកសាងសមិទ្ធផលនានាអាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើន

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបន្តវេន នៅចំពោះមុខមហាជនក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តព្រហ្មកេរ្តិ៍ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលព្រឹកថ្ងៃទី២៥ ខែមេសា បានបង្ហាញនូវមានកត្តា ០៣ យ៉ាងដែលញ៉ាំងឱ្យការកសាងសមិទ្ធផលនានា អាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើន។

បើតាមការបញ្ជាក់ពី​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត កត្តា ០៣នោះរួមមាន៖ ទី១. កត្តាសុខសន្តិភាព ដែលឱ្យខេត្តព្រះសីហនុក៏ដូចជាទូទាំងផ្ទៃប្រទេស មានឱកាសបញ្ចេញនូវសក្កានុពលអភិវឌ្ឍន៍របស់ខ្លួនឥតឈប់ឈរ។ ទី២. កត្តាសិទ្ធិសេរីភាព ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចគោរពប្រតិបត្តិតាមជំនឿសាសនារៀងៗខ្លួន ដើម្បីទទួលបាននូវសន្តិភាពក្នុងផ្លូវចិត្ត។ ទី៣. កត្តាកំណើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលផ្តល់លទ្ធភាពដល់ពួកគាត់ក្នុងការក្នុងចូលរួមចំណែកអភិវឌ្ឍសមិទ្ធនានាតាមជំនឿសទ្ធាជ្រះថ្លារបស់ខ្លួន។

ក្នុងន័យនេះ ឯកឧត្តមបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបន្តវេន ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព សេរីភាព និងភាពចម្រុងចម្រើនដែលកំពុងមានបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅរបស់យើងគ្រប់ជំនាន់តទៅទៀត។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា បំណងប្រាថ្នាសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប គឺការថែរក្សាអាយុជីវិតរបស់ខ្លួន និងអ្នកជាទីស្រឡាញ់ តាមរយៈការហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារ និងទំនុកបម្រុងឱ្យមានអាយុជីវិតបន្តទៅទៀត។

ក្នុងបុព្វហេតុនេះ ឯកឧត្តមបានសង្កត់ធ្ងន់ផងដែរថា សម្តេចតេជោ និងឥស្សរៈជនថ្នាក់ដឹកនាំជាច្រើនរូប បានចូលរួមក្នុងសកម្មភាពសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជា នៅក្នុងដំណាក់កាលជាច្រើនក្នុងរបត់នៃប្រវត្តិសាស្ត្រជាតិ ជាអាទិ៍៖ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសន្តិភាពជាតិពេញលេញដោយនយោបាយឈ្នះឈ្នះ និងជោគជ័យនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍តម្កល់អាយុជីវិតរបស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បងបំផុតក្នុងគ្រប់កាលៈទេសៈ និងទោះក្នុងតម្លៃណាក៏ដោយ៕