ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំនេះមានកីឡាករចំណុះទូកងជាង២ម៉ឺននាក់ ដែលត្រូវស្នាក់នៅទីតាំងចំនួន២ ដែលទីតាំងទី១ នៅឃ្លាំងសាំង ខណ្ឌឫស្សីកែវ និងទីតាំងទី២ នៅម្តុំរង្វង់មូលនាងមច្ឆា ក្នុងតំបន់អភិវឌ្ឍន៍ OCIC ខណ្ឌជ្រោយចង្វារ។
គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកន្លែងស្នាក់នៅសម្រាប់កីឡាករចំណុះទូករួចរាល់ហើយ ក្នុងនោះមានការរៀបចំប្រព័ន្ធទឹកភ្លើង បង្គន់អនាម័យ និងការដាក់ពង្រាយធុងសំរាមជាដើម។
ក្រៅពីពីនេះ អាជ្ញាធរក៏បានរៀបចំកន្លែងស្នាក់នៅ រោងបាយ រថយន្តសង្គ្រោះបន្ទាន់ បន្ទប់ទឹក ទីបញ្ជាការស្រាល ដែលមានទីតាំងនៅកំពង់ផែថ្មក្នុងខណ្ឌដូនពេញ សម្រាប់ទទួលកីឡាករ ចំណុះទូកឧបត្ថម្ភដោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងទូកឧបត្ថម្ភដោយសម្តេចធិបតី និងលោកជំទាវ។
សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ អង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការជីកកប់សាងសង់បង្គន់អនាម័យ និងបន្ទប់ទឹក ព្រមទាំងពង្រាយបង្គន់អនាម័យ និងបន្ទប់ទឹកចល័តសរុបជាង៦០០បន្ទប់ ដេីម្បីបម្រេីសេវាជូនបងប្អូនប្រជាពលរដ្ឋ ។ ការងាររៀបចំបង្គន់និងបន្ទប់ទឹកមាន បង្គន់ថ្ម១២ទីតាំងស្មេីនឹង១៤៦បន្ទប់ (មានស្រប់តាមសួន) បង្គន់ចល័ត១០០បន្ទប់ (ចាប់ពីមុខផ្សាររាត្រីដល់សួនសម្តេចតេជោ បង្គន់ស័ង្កសីជីកមាន៣០០បន្ទប់ (កីឡាករអុំទូក) បន្ទប់ទឹកស័ង្កសីមាន១០០បន្ទប់ (កីឡាករអុំទូក)។
គួរជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សម្រាប់ឆ្នាំនេះនឹងមានទូកងចំនួន៣៤៦ ដែលត្រូវឡើងមករាជធានីភ្នំពេញ ដើម្បីចូលរួមប្រណាំងប្រជែងដណ្ដើមពានរង្វាន់ និងមានប្រទីបចំនួន ៣៥ប្រទីប៕
អត្ថបទ៖ អក្ខរា