កន្លងមក មានការលើកឡើងថា “នយោបាយគឺជានយោបោក” ត្រូវបានលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ពន្យល់ថា ការមិនបានដឹងអំពីអ្វីដែលជាវិទ្យាសាស្ត្រនយោបាយ ទើបមហាជនមួយចំនួន ត្រូវបានគេបោកប្រាស់ ជាហេតុនាំឱ្យមាននិន្នាការយល់ឃើញមួយជ្រុងអំពីនយោបាយថា គឺជាការបោកប្រាស់សុទ្ធសឹង ប៉ុន្តែនិយមន័យពិតប្រាកដនៃពាក្យវិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាអំពីដំណើរការនៃការកៀងគរការគាំទ្រ ដើម្បីឈានទៅដល់អំណាចសម្រេចចិត្តនៅក្នុងការគ្រប់គ្រងរដ្ឋឬបុរីមួយ។ ការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» កាលពីពេលថ្មីៗនេះ។
បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ បានអះអាងថា ពលរដ្ឋនិងយុវជន ពុំគួរព្រួយបារម្ភ ឬភ័យខ្លាចនឹងការសិក្សារៀនសូត្រអំពីវិទ្យាសាស្ត្រនយោបាយនោះទេ ព្រោះការសិក្សារៀនសូត្រអំពីវិទ្យាសាស្ត្រនយោបាយបានកាន់តែទូលំទូលាយ គឺជាការចូលរួមចំណែកជំរុញដំណើរការនយោបាយនៅកម្ពុជាកាន់តែប្រសើរឡើងបន្ថែមទៀត។ លោកបណ្ឌិត បានមានប្រសាសន៍ចាត់ទុកថា «នយោបាយគឺជាឆ្នាំងបាយ» ព្រោះនៅក្នុងជីវិតប្រចាំថ្ងៃជាក់ស្ដែង គ្មានវិស័យណាមួយ ឬដំណើរការផ្នែកណាមួយនៃសង្គមដែលពុំជាប់ពាក់ព័ន្ធនឹងនយោបាយនោះឡើយ។
លោកបណ្ឌិតបន្តថា ការសិក្សាវិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាដែលផ្ដោតទៅលើរបៀបរបបនៃការដឹកនាំ និងគ្រប់គ្រងរដ្ឋ ដែលអ្នកសិក្សាអាចស្វែងយល់អំពីទ្រឹស្ដីនៃការគ្រប់គ្រងរដ្ឋ ការស្វែងយល់អំពីស្ថានភាពទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ក៏ដូចជាតួអង្គមិនមែនរដ្ឋ ព្រមទាំងទទួលបាននូវពុទ្ធិផ្សេងៗទៀត ពាក់ព័ន្ធទៅប្រវត្តិសាស្ត្រ សេដ្ឋកិច្ច សង្គមវិជ្ជា ទស្សនវិជ្ជា និងវិទ្យាសាស្ត្រសង្គមដទៃទៀតដែលទាក់ទងទៅនឹងដំណើរអភិវឌ្ឍប្រទេសជាតិ។
លោកបណ្ឌិតក៏បានជំរុញលើកទឹកចិត្តឱ្យយុវជនដែលមានបំណងបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា ត្រូវព្យាយាមស្វែងយល់អំពីទេពកោសល្យនិងឧបនិស្ស័យដែលខ្លួនមាន ព្រមទាំងដាក់គោលដៅ និងផែនទីគំនិតរបស់ខ្លួនឆ្ពោះទៅសម្រេចចិត្តគោលដៅជីវិត និងការប្រកបមុខរបរឬអាជីពការងារផ្សេងៗ ដើម្បីសម្រេចបាននូវភាពជោគជ័យនិងអត្ថន័យនៃជីវិត៕