កសិដ្ឋា​នផលិ​តសូត្រ​សិប្បករអង្គរ បើកដំណើរកា​រឡើងវិញ ក្រោ​យពីបិទ​ទ្វារ​អស់​ជាច្រើនឆ្នាំ ដោយសារកូវីដ-១៩

កសិដ្ឋានសូត្រសិប្បករអង្គរ ក្នុងស្រុកពួក ខេត្តសៀមរាប បានសម្ពោធបើកដំណើរការឡើងវិញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្ទាប់ពីបិទទ្វារអស់ជាច្រើនឆ្នាំ ដោយសារវិបត្តិកូវីដ-១៩។

នៅក្នុងពិធីសម្ពោធបើកដំណើរការឡើងវិញ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានលើកឡើងថា ការបើកដណើរសិប្បកម្មសូត្រអង្គរឡើងវិញនេះ គឺដូចជាការបន្តជីវិតសិប្បកម្ម ប្រពៃណី ដូនតា ។ មិនតែប៉ុណ្ណោះ ក៏បា​នប្រ​មូលផ្តុំ បុគ្គលិកចាស់ ដែល​ធ្លាប់បំរើការងាររនៅទី​នេះអោយមានកា​រងារធ្វើឡើងវិញ​ផង​ដែរ។

លោកជំទាវបន្តថា កសិដ្ឋានសូត្រសិប្បករអង្គរ ជាកសិដ្ឋានផលិតសូត្រធំមួយក្នុងស្រុកពួក ដើម្បីប្រើប្រាស់ក្នុងសិប្បកម្មតម្បាញ តាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។លោកជំទាវបណ្ឌិត តែងតែបានធ្វើការកោតសសើរ អំពីសំលៀកបំពាក់ខ្មែរ ដែលផលិតពីសូត្រខ្មែរទៅប្រាប់ជនបរទេស នៅពេលលោកអញ្ជើញទៅទស្សនកិច្ចនៅក្រៅប្រទេសម្តងៗ និងតែងតែផ្តល់កាដូ​អនុ​ស្សា​វរីយ៍ ដែលផលិតពីសូត្រខ្មែរ ទៅថ្នាក់ដឹកនាំធំៗ ដើម្បីជាការផ្សព្វផ្សាយ ផលិតផលខ្មែរយើងទៅលើឆាកអន្តរជាតិ។

លោកជំទាវ ក៏បានលើកទឹកចិត្ត និងជម្រុញអោយមានការផលិតអោយបានច្រើន អោយបានល្អលើសពីនោះកសិដ្ឋានត្រូវតែម្រុញសកម្មភាពផលិតសូត្រវិញរាប់ចាប់ពីការដាំមន, ចិញ្ចឹមដង្កូវនាង, ស្រាវសូត្រ, តម្បាញ និងកាត់ដេរជាដើម។ 

ជាមួយគ្នានេះ លោក កាយ ឡូត ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនសិប្បករអង្គរ បានអោយដឹងថា នៅពេលវិបត្តិកូវីដ-១៩បានផ្ទុះឡើង វិស័យទេសចរណ៍បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗ។ ចំណែកឯ ក្រុមហ៊ុន សិប្បករអង្គរ ដែលជាក្រុមហ៊ុនផ្សារភ្ជាប់ស្ទើរតែទាំងស្រុងនឹងវិស័យទេសចរណ៍នោះ ក៏បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗដែរ។ សកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន ត្រូវបានផ្អាកទាំងស្រុង ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

លោក កាយ ឡូត អោយដឹថា ដើម្បីការពារបេតិកភណ្ឌខ្មែរយើងឱ្យនៅគង់វង្ស សម្រាប់ជំនាន់ក្រោយបានឃើញពីសិប្បកម្ម ភាពតម្បាញដោយដៃ នៅក្នុងសិប្បកម្មតម្បាញសូត្រ នៅស្រុកពួក គឺត្រូវតែខិតខំស្តារឡើងវិញ។ ការបើកឡើងវិញនៃកសិដ្ឋានសូត្រនេះ ក៏ជាការវិលត្រឡប់មកវិញ នៃបុគ្គលិកដែលធ្លាប់បម្រើការងារក្នុងច្រវាក់ផលិតកម្មទាំងនេះដែរ ដែល បច្ចុប្បន្ននេះ ក្រុមហ៊ុនមានបុគ្គលិក បម្រើការងាររហូតជាង៤០០នាក់ មានការងារធ្វើនៅទីនេះ។
 
លោកប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនសិប្បករអង្គរ ក៏បានបង្ហើបដែរថា កសិដ្ឋានសូត្រនេះ នឹងមានគម្រោងពង្រីកការផលិតសូត្រ  ទន្ទឹមនឹងការបង្កើនបរិមាណស្រាវសូត្រ និងតម្បាញផងដែរ៕

អត្ថបទ៖​ ពុទ្ធិកា