នាយករដ្ឋមន្ត្រីកម្ពុជា ស្វាគមន៍ការវិភាគបែបវិទ្យាសាស្ត្រ តែមិនស្វាគមន៍ការវិភាគបែបស៊ីអារម្មណ៍នោះឡើយ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងស្វាគមន៍សម្រាប់ការវិភាគបែបវិទ្យាសាស្ត្រ តែមិនស្វាគមន៍ការវិភាគបែបស៊ីអារម្មណ៍នោះឡើយ។ ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅលោក ជេម សុខ សូមកុំវិភាគតាមបែបស៊ីអារម្មណ៍ ហើយសូមវិភាគលើបញ្ហាណាមួយតាមបែបវិទ្យាសាស្ត្រ។

សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តីប្រកាសហៅលោក ជេម សុខ ឱ្យមកមើលស្ថានភាពនៅកម្ពុជាជាក់ស្ដែង និងជួបជាមួយរដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំនៅតាមស្ថាប័ននានា ហើយអនុញ្ញាតឱ្យផ្សាយផ្ទាល់(Live)នៅអំឡុងពេលជួបសួរនាំរដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំដែលទទួលខុសត្រូវនៅតាមស្ថាប័នទាំងនោះផងដែរ។

សម្ដេចបវរធិបតី ប្រកាសទទួលយកគំនិតទស្សនៈដែលកើតចេញពីការវិភាគបែបវិទ្យាសាស្ត្រ ដោយមានការប្រមូលទិន្នន័យតាមបែបវិទ្យាសាស្ត្រច្បាស់លាស់ ដើម្បីបញ្ជៀសការយល់ច្រឡំ ឬ ភាពអយុត្តិធម៌ណាមួយទៅលើស្ថាប័ន ឬ បុគ្គលជាអ្នកទទួលខុសត្រូវលើការងារណាមួយ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាការពារសុខសន្តិភាព សេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ ថែរក្សាស្ថិរភាព​នយោបាយមិនឱ្យមនុស្សមួយចំនួនតូច មកបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើសកម្មភាពខុសច្បាប់ ហិង្សានៅក្នុងប្រទេសកម្ពុជានោះឡើយ។ សម្តេចបវរធិបតី ក៏អំពាវនាវប្រជាពលរដ្ឋត្រូវបដិសេធរាល់ការអំពាវនាវដែលនាំឱ្យសង្គមកើតចលាចល ឬបាត់បង់អស្ថិរភាពសង្គម ហើយចូលរួមថែរក្សាការពារឱ្យបាននូវសុខសន្តិភាព។

សូមជម្រាបថា ប្រសាសន៍សម្តេចបវរធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២.៦៤៥ ម៉ែត្រ” នៅខេត្តកែប នាព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា​ ឆ្នាំ២០២៤៕