សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ នៅក្នុងពិធីបើកសម័យប្រជុំនេះដែរ សម្តេចតេជោ ហ៊ុន សែន នឹងថែ្លងបទបាឋកថាពិសេស ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ។
សេចក្តីជូនដំណឹងរដ្ឋសភាបានឲ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា អាយភីធីភី (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និង ភាពអត់ឱន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ពិធីបើកសម័យប្រជុំជាផ្លូវការនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយនឹង ឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។ នៅក្នុងពិធីបើកសម័យប្រជុំនេះដែរ សម្តេចតេជោ ហ៊ុន សែន នឹងថែ្លងបទបាឋកថាពិសេស ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្ត នយោបាយឈ្នះ-ឈ្នះ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីកៀរគរការចូលរួមពីបណ្តាប្រទេសនានាលើពិភពលោក ជួយជំរុញលើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដោយសហការជាមួយនឹង ភាគីពាក់ព័ន្ធ។ សម័យប្រជុំនឹងដំណើរការទៅដោយចែកចេញជា ២វគ្គ។ វគ្គទី១ នឹងជជែកពិភាក្សាអំពី ការជំរុញ និម្មាបនកម្មសកល ដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន និងសម្រាប់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល សភា និងសង្គមស៊ីវិល។ ចំណែកឯ វគ្គទី២នឹងពិភាក្សាអំពី ការពង្រឹងពហុភាគីនិយម កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូសម្រាប់សន្តិសហវិជ្ជមាន និងការតភ្ជាប់ប្រកបដោយបរិយាបន្ន។
ទន្ទឹមនឹងនេះ អាយភីធីភី គ្រោងនឹងដាក់ចេញនូវសេចក្តីប្រកាសទីក្រុងភ្នំពេញ និងធម្មនុញ្ញសន្តិភាព សម្រាប់ មនុស្សជាតិ និងភពផែនដី ដែលផ្ដោតទៅលើគន្លឹះសំខាន់ៗចំនួន៥ ជាអាទិ៍ ១) ការទប់ស្កាត់ជម្លោះ ២) ការកសាង
សន្តិភាព ៣) យុត្តិធម៌អន្តរកាល ៤)ការកសាងប្រទេសឡើងវិញក្រោយជម្លោះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ និង ៥)សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងបរិបថនៃការប្រែប្រួលអាកាសធាតុ។
នៅក្នុងអំឡុងពេលសម័យប្រជុំនេះក៏នឹងមានកិច្ចប្រជុំគណៈកម្មាធិការជំនាញចំនួន៥៖ (១)កិច្ចប្រជុំ គណៈកម្មាធិការសន្តិភាពនិងការផ្សះផ្សា (២)កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិ (៣)កិច្ចប្រជុំ គណៈកម្មាធិការសន្តិសុខ ស្បៀងអាហារ-ថាមពល-ទឹកនិងបរិស្ថាន (៤)កិច្ចប្រជុំគណៈកម្មាធិការវិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង(៥)កិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌។
ជាមួយគា្ននេះ សម្តេចអតេជោ ហ៊ុន សែន សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏មានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ទ្វេភាគី ជាមួយប្រធានស្ថាប័នអន្តរសភាអន្តរជាតិ ប្រធានសភា និងប្រធានគណៈប្រតិភូសភានៃបណ្ដាប្រទេសជា សមាជិក អាយភីធីភី មួយចំនួនផងដែរ។
ពិធីបិទសម័យប្រជុំ និងពិធីអបអរសាទរធម្មនុញ្ញសន្តិភាព នឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ព្រមទាំងមានការប្រគល់ “ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និង ភពផែនដី” ជូនឥស្សរជនឆ្នើមពិភពលោក ផងដែរ។
សូមជម្រាបថា អាយភីធីភី គឺជាស្ថាប័ននីតិប្បញ្ញត្តិនៃក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព (GCTP) ដែលជាអង្គការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ។ អាយភីធីភី គឺជាវេទិកាសម្រាប់ សមាជិកសភា ដើម្បីពិភាក្សាលើបញ្ហានៃសន្តិភាពពិភពលោក។ សម័យប្រជុំនីតិវិធីដំបូងរបស់ អាយភីធីភីត្រូវបានប្រារព្ធឡើងនៅក្នុងសភានៃប្រទេសម៉ាល់តា នៅក្នុងឆ្នាំ២០១៨៕