«វិថីតេជោសន្តិភាពឆ្នេរអង្គោល»ប្រវែងជាង១២គីឡូម៉ែត្រ ប្របតាមឆ្នេរខេត្តកែប បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

វិថីតេជោសន្តិភាពឆ្នេរអង្គោល ប្រវែងសរុបជាង ១២គីឡូម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបាន​កាត់ខ្សែ​បូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ វិថីនេះគឺជាអនុគម្រោងនៃគម្រោង ហេដ្ឋារចនា​សម្ព័ន្ធទេ​សចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដែលគ្រប់គ្រងដោយក្រសួងទេសចរណ៍។

ថ្លែងក្នុងពិធីសម្ពោធសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ផ្លូវនេះតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្គោល និងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្ត លេខ១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត (ព្រំដែនកម្ពុជា- វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តកែប។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា បន្ទាប់ពីដាក់ឱ្យដំណើរការ ផ្លូវនេះនឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនក្នុងតំបន់ប្រមាណជាង ៦០០០នាក់ ក្នុងការធ្វើចរាចរប្រចាំថ្ងៃ ចំណេញ ពេលវេលា និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាក់ទាញភ្ញៀវទេសចរណ៍ទៅលំហែកាយនៅឆ្នេរដែលមានស្រាប់នៅតាមបណ្តោយផ្លូវ ជាពិសេស ផ្លូវនេះនឹងជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ឆ្នេរទាំងមូលផងដែរ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឯកភាពប្រសិទ្ធនាមខ្សែផ្លូវនេះថាជា “វិថីតេជោសន្តិភាពឆ្នេរអង្គោល” ដើម្បីជាការសម្តែង នូវការចង់ចាំចំពោះស្នាដៃ និងគុណូបការៈដ៏ធំធេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពលិកម្មខិតខំ ពុះពារគ្រប់ឧបសគ្គឆ្លងកាត់ភ្លើងសង្គ្រាមរាប់មិនអស់ ជាពិសេសការតស៊ូរំដោះប្រទេសជាតិចេញពី របបប៉ុលពត និងការដាក់ចេញនយោបាយឈ្នះ-ឈ្នះបញ្ចប់សង្គ្រាមផ្ទៃក្នុងដោយជោគជ័យ ធ្វើឱ្យប្រទេសកម្ពុជាយើងទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិពេញលេញ និងភាពល្បីល្បាញស្មើមុខស្មើមាត់លើឆាកអន្តរជាតិ រួមទាំងការរីកចម្រើនលើគ្រប់វិស័យដូចនាពេល បច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា វិថីមួយខ្សែនេះ ប្រើរយៈពេលសាងសង់ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ហើយបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាវិនិយោគប្រមាណ ១០លានដុល្លាអាមេរិក ។

ក្រៅពីផ្លូវ ក៏មានការសាងសង់លូរំដោះទឹកភ្លៀង រួមមានលូមូលប្រភេទបេតុងសម្រាប់រំដោះទឹកភ្លៀងកាត់ទទឹងផ្លូវចំនួន ២៨ កន្លែង ,លូប្រអប់ប្រភេទបេតុងសម្រាប់រំដោះទឹកភ្លៀងកាត់ទទឹងផ្លូវ ចំនួន ១២ កន្លែង ,សាងសង់លូអ៊ុយ (U-Drain) ប្រភេទបេតុង មុខកាត់ ០,៣ម៉ែត្រ x ០,៥ម៉ែត្រ មួយខ្សែ ប្រវែង ១ ១៨២ ម៉ែត្រ។ ជាមួយគ្នានេះ ក៏មានសាងសង់ផ្លាកសញ្ញាចរាចរណ៍ មានចំនួន ១៨៤ ផ្លាក ,គូសគំនូសចរាចរណ៍ ១កំប្លែ,សាងសង់រង្វង់មូល ចំនួន ១កន្លែង នៅឆ្នេរអង្កោល និងបង្គោលភ្លើងបំភ្លឺផ្លូវសូឡា ចំនួន ១៦៤ដើម ៕