ឯកឧត្តម ហ៊ុនម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញអារម្មណ៍ក្តៅក្រហាយ ក្រោយពីបានស្តាប់សម្តីរបស់បុគ្គលពាលនៅក្រៅប្រទេស ដែលបានទូរស័ព្ទទៅរំខានសម្តេចតេជោ ជាឪពុក ថែមទាំងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យទៀតផង។
ឯកឧត្តមបានសរសេរសារលើហ្វេសប៊ុកនៅថ្ងៃទី១០ ខែវិច្ឆិកានេះថា៖ “ក្រោយពីបានស្តាប់ការសន្ទនាហើយ ក្នុងនាមជាកូន ដែលមានតែក្តីស្រឡាញ់ និងការគោរពសម្រាប់ព្រះរស់នៃខ្ញុំ គឺពិតជាមានអារម្មណ៍ក្តៅក្រហាយ ពោរពេញដោយកំហឹង តែខ្ញុំមិនលើកនៅក្នុងសារនេះនោះទេ ប៉ុន្តែនិយាយឱ្យសាមញ្ញ កូនណាមិនខឹងពេលដែលអ្នកមានគុណបានត្រូវគេប្រមាថ”។
ឯកឧត្តមបានបន្តថា អ្វីដែលខ្ញុំចង់ឱ្យយើងទាំងអស់គ្នាយកពី episode នេះមកពិចារណាគឺ៖ “១ វិជ្ជាជីវៈសារព័ត៌មាន ២ អាកប្បកិរិយាក្នុងការគោរពចាស់ទុំ ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិរបស់យើង។ ទោះជាមានចំណុចឬទស្សនៈនយោបាយខុសគ្នា តែព្រំដែនគួរតែមាន។ ជាពិសេស អាកប្បកិរិយាក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឱ្យស្របទៅតាមប្រពៃណីរបស់ខ្មែរយើង ដែលមានការគោរពគ្នាទៅវិញទៅមក ជាពិសេស ការគោរពចាស់ទុំ”។
“គេអាចលើកឡើងថា ក្មេងនេះ ឬបុគ្គលនេះធំនៅក្រៅប្រទេស អញ្ជឹងមិនស្គាល់អ្វីជាប្រពៃណីខ្មែរយើង តើលើកដូចនេះស្មើនឹងការទទួលស្គាល់ថា ឱ្យតែអ្នកណា ទោះជាខ្មែរក្តី បរទេសក្តី មិនបាច់ស្វែងយល់ ឬ/និងគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរទេឬយ៉ាងណា? យើងទៅប្រទេសគេ យើងគោរពច្បាប់គេផង ប្រពៃណីគេផង។ ចុះហេតុគ្រាន់តែស្នើឱ្យគេគោរពច្បាប់ និងប្រពៃណីខ្មែរទៅជាបញ្ហាទៅវិញ? ជារួម ក្នុងនាមជាខ្មែរយើងត្រូវចេះឱ្យតម្លៃបន្ថែមមកលើខ្លួនយើង ក្នុងនាមជាប្រជាជាតិមួយដែលមានអធិបតេយ្យ មានទំនៀមទម្លាប់ប្រពៃណីដ៏ពិសិដ្ឋរបស់យើង”។ នេះជាការលើកឡើងបន្ថែមពីឯកឧត្តម ហ៊ុន ម៉ានី៕