កម្ពុជា ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ លើកទី៧១យ៉ាងអធិកអធម នៅវិមានឯករាជ្យ

ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានប្រារព្ធឡើងនៅបរិវេណវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមានវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងវត្តមានរបស់ឥស្សរជនជាន់ខ្ពស់ មន្ត្រីរាជការកងកម្លាំងគ្រប់ប្រភេទ និងមហាជនយ៉ាងអធិកអធម។

ក្នុងព្រះរាជកម្មវិធីនៅវិមានឯករាជ្យ នាព្រឹកនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចបានយាងប្រទាន កម្រងផ្កា គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន និងបានប្រទាន ភ្លើងជ័យ នៅចំកណ្តាល វិមានឯករាជ្យ ដែលដង្ហែព្រះរាជដំណើរដោយឥស្សរជនជាថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ មុន នឹង មានការព្រលែង ព្រាបស និងបង្ហោះប៉ោងៗ ដើម្បីជាការចាប់ផ្តើម ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ៩ វិច្ឆិកា។ ចំពោះភ្លើងជ័យ ត្រូវរក្សាទុករយៈពេល ចំនួន៣ ថ្ងៃ។ 

បន្ទាប់ពីប្រទាន កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងភ្លើងជ័យរួច ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចក៏យាងសួរសុខទុក្ខ ថ្នាក់ដឹកនាំ អង្គទូត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សម្ពន្ធយុវជនស្រឡាញ់សន្តិភាព សហភាពសហព័ន្ធយុវជនកម្ពុជា យុវជន កាកបាទក្រហមកម្ពុជា កាយរឹទ្ធិជាតិកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មួយជុំវិមានឯករាជ្យ ផងដែរ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពេញ បរិបូរណ៌ពីអាណានិគមនិយមបារាំង នៅថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ។ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ នៅវេលាយប់ថ្ងៃទី៩ ខែវិច្ឆិកានេះ ក៏មានការអុជកាំជ្រួច នៅមុខព្រះបរមរាជវាំងផងដែរ៕