នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ភ្ញៀវទេសចរបរទេស បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ ។ កំណើននៃភ្ញៀវទេសចរនេះ ត្រូវបានរំពឹងថា នឹងបន្តកើនឡើង ទៀតក្នុងរយៈពេល២ខែចុងឆ្នាំ២០២៤ ពោលគឺនៅខែវិច្ឆិកា និងខែធ្នូ ។
ថ្លែងបា្រប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃ នៃដើមខែវិច្ឆិកានេះ ភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានកើនឡើង។ ជាក់ស្តែង កាលពីខែតុលា ឆ្នាំ២០២៤ ភ្ញៀវទិញសំបុត្រក្នុងមួយថ្ងៃ មានក្នុងវង្វង់ ២,៥០០នាក់ទៅ២,៦០០នាក់ ប៉ុន្តែចូលមកដល់នាដើមខែវិច្ឆិកា ចំនួនភ្ញៀវបានកើនឡើងដល់៣,៦០០នាក់ ទៅ៣,៨០០នាក់ក្នុងមួយថ្ងៃ។
ឯកឧត្តម បន្តថា តាមការរំពឹងទុក រយៈពេល២ខែនាចុងឆ្នាំ២០២៤ ពោលគឺនៅខែវិច្ឆិកា និងខែធ្នូ ភ្ញៀវទេសចរ អាចនឹងបន្តមានកំណើនទៀត ក្នុងចន្លោះ១២ម៉ឺន ទៅ១៤ម៉ឺននាក់ក្នុងមួយខែ ។ នេះជាសញ្ញាវិជ្ជមានសម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាទាំងមូល។
ទន្ទឹមនឹងការកើនឡើងនៃភ្ញៀវទេសចរបរទេសនេះ ឯកឧត្តម អំពាវនាវឲ្យគ្រប់តួអង្គពាក់ព័ន្ធរួមគ្នាទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចឱ្យបានល្អប្រសើរចំពោះភ្ញៀវ មិនមែនត្រឹមតែរាជរដ្ឋាភិបាល និងវិស័យឯកជននោះឡើយ ព្រោះទាំងនេះជាកិត្តិយសរបស់ប្រទេស នឹងអាចបន្តទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកទស្សនាកម្ពុជា ក៏ដូចជាខេត្តសៀមរាបផងដែរ។
យោងតាមគ្រឹះស្ថានអង្គរ គិតត្រឹមរយៈពេល ១០ ខែ ឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសចំនួនជាង ៧៧ ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរគិតជាទឹកប្រាក់ប្រមាណជិត ៣៦ លានដុល្លារ កើនឡើង ២៩,០៧ % ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
អត្ថបទ៖ ពុទ្ធិកា