សម្តេច ឃួន សុដារី ផ្តាំមន្រ្តីការទូតថ្មីត្រូវជំរុញផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជា និងយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរនៅតាមប្រទេសនានា

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនជូនឯកអគ្គរាជទូតទំាងអស់ ត្រូវគិតគូរ និងតម្កល់ប្រយោជន៍ជាតិជាធំ និងចំពោះមុខ។ ត្រូវរក្សា ការពារ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងលើកគុណតម្លៃជាតិ និងកិត្យានុភាពជាតិជានិច្ច ហើយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលបំផ្លាញកេរ្តិ៍ ឈ្មោះរបស់កម្ពុជា។ ត្រូវមានភាពឈ្លាសវៃ ប៉ិនប្រសប់ ក្នុងការដឹកនាំ ដោយត្រូវធ្វើយ៉ាងណាខិតខំពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែប្រសើរថែមទៀត ។ ត្រូវជំរុញផ្សព្វផ្សាយ អំពីភាពវិជ្ជមានរបស់ប្រទេសកម្ពុជាឱ្យបានទូលំទូលាយ សំដៅទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរ មកកម្ពុជា ឱ្យបានកាន់តែច្រើន។

សម្តេចរដ្ឋសភាធិបតី បានលើកទឹកចិត្ត ដល់ឯកអគ្គរាជទូតទំាងអស់យកចិត្តទុកដាក់ ខ្វល់ខ្វាយ និងជួយសម្របសម្រួលគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរដែលកំពុងស្នាក់នៅ ធ្វើការនិងរៀនសូត្រនៅតាមបណ្តាប្រទេសនានា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានភាពកក់ក្តៅ ស្របនឹងសុភាសិតខ្មែរពោលថា “នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ”។

ប្រសាសន៍ណែនាំរបស់សម្តេចរដ្ឋសភាធិការធិបតី នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលអនុញ្ញាតឱ្យឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ចំនួនបួនរូប ដែលទើបទទួលបានការតែងតំាងជា ឯកអគ្គរាជទូតប្រចាំនៅបណ្តាប្រទេសនានា ចូលជួបសម្តែងការគួរសម ជម្រាបលា និងទទួលអនុសាសន៍ មុនចេញបំពេញបេសកកម្មការទូតនៅលើឆាកអន្តរជាតិ។

ឯកអគ្គរាជទូតទំាងបួនរូបដែលទើបទទួលបានការតែងតំាងហើយបានចូលជួបសម្តែងការគួរសមនិងជម្រាបលាសម្តេចប្រធានរដ្ឋសភានាឱកាសនេះមាន ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ិចកូ ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូត ប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល លោកជំទាវ រត្ន ម៉ានី ឯកអគ្គរាជទូត ប្រចាំប្រទេសឥណ្ឌា បង់ក្លាដេស ស្រីលង្កា អ៊ីរ៉ង់ នេប៉ាល់ និងម៉ាលឌីវ និងឯកឧត្តម ឆេង ម៉ានិត ឯកអគ្គរាជទូត ប្រចាំប្រទេសមីយ៉ាន់ម៉ា។

សម្តេចប្រធានរដ្ឋសភា ក៏បានបានផ្តាំផ្ញើជូនឯកអគ្គរាជទូតទំាងអស់ ជួយលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជាជាមួយសភានៃប្រទេសដែលខ្លួនកំពុងបំពេញបេសកកម្ម ឱ្យកាន់តែសកម្ម និងជិតស្និទ្ធថែមទៀត។សម្តេចបានបញ្ជាក់ថា ការទូតសភា នាពេលបច្ចុប្បន្ន កាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការជំរុញឱ្យមានកិច្ចសន្ទនា ការយោគយល់គ្នា ការជឿជាក់គ្នាទៅវិញទៅមក និងគិតដល់ប្រយោជន៍រួម៕