ឯកឧត្តម ឃួង ស្រេង បញ្ជាឲ្យត្រៀមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់​ ក្នុង​ព្រះរាជពិធីបុណ្យ​​អុំទូក

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណះ ក៏ដូចកែលំអរសោភណ្ឌភាពទីក្រុង សម្រាប់ព្រះរាជពិធីបុណ្យ​​អុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ដល់១៦វិច្ឆិកាខនៅមុខព្រះបរមរាជវាំង។

ការដាក់បទបញ្ជារបស់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នៅសាលារាជធានីភ្នំពេញ។

ជាមួយគ្នានេះ ដើម្បីឲ្យការប្រារព្ធព្រះរាជពិធីនេះប្រព្រឹត្តទៅបានរលូន គ្មានការរារាំងដល់ដំណើរការអង្គពិធី ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្កើតជាអនុគណៈកម្មការជាច្រើនផងដែរ មានដូចជា អនុគណៈកម្មការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សង្គ្រោះទូកលិច និងសង្គ្រោះបន្ទាន់,អនុគណៈកម្មការគ្រប់គ្រងទូក ទីលានប្រណាំងទូក និងទីកន្លែងស្នាក់នៅរបស់កីឡាករ-កីឡាការិនី,អនុគណៈកម្មការផ្គត់ផ្គង់ភស្តុភារ និងហិរញ្ញវត្ថុ,អនុគណៈកម្មការរៀបចំវេទិកា តុបតែងលម្អសោភណភាព និងការងារបរិស្ថានអនាម័យ,អនុគណៈកម្មការរៀបចំប្រទីប ផ្សព្វផ្សាយព័ត៌មាន សិល្បៈ និងបដិសណ្ឋារកិច្ច។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យរៀបចំផែនការឲ្យបានគ្រប់ជ្រុងជ្រោយ ទាំងការគ្រប់គ្រងកម្លាំង ការងារ​សង្គ្រោះបន្ទាន់ បង្កើតទីបញ្ជាការស្រាលក្នុងកិច្ចប្រតិបត្តិការណ៍ ការពារសន្តិសុខ សុវត្ថិភាព ទប់ស្កាត់ការលំហូរចរាចរណ៍ ចំពោះរថយន្តមួយចំនួនចូលមកក្នុងរាជធានី ទប់ស្កាត់អំពីចោរកម្ម ការបង្ការទប់ស្កាត់ហានិភ័យនៃគ្រោះអគ្គីភ័យ និងការគិតគូពីអនាម័យបរិស្ថានជាដើម។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង៕

អត្ថបទ៖ ពុទ្ធិកា