មេដឹកនាំប្រទេសមហាអនុតំបន់មេគង្គ ចាប់យកឌីជីថលូបនីយកម្មនិងនវានុវត្តន៍ ដើម្បីជំរុញសន្ទុះសេដ្ឋកិច្ច ដែលកំពុងជាប់ផុង

កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ បានធ្វើឡើងក្រោមមូលបទ “ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍” នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការពង្រីក និងពង្រឹងកិច្ចខិតខំប្រឹងប្រែង រួមគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីបន្តការអភិវឌ្ឍប្រទេសមហាអនុតំបន់មេគង្គប្រកបដោយនិរន្តរភាព និងភាពជឿនលឿន និងធ្វើឱ្យមហាអនុតំបន់មេគង្គកាន់តែមានសមាហរណកម្ម វិបុលភាព ប្រកបដោយចីរភាព និងបរិយាបន្ន។

បើតាមឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៨ នេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ បានចាត់ទុកឌីជីថលូបនីយកម្ម និងនវានុវត្តន៍ គឺជាចលករសំខាន់ដែលនាំមកវិញយ៉ាងឆាប់រហ័សនៃសន្ទុះសេដ្ឋកិច្ចតំបន់។ ការចាត់ទុកបែបនេះ ដោយសារតែទោះបីជាពិភពលោកបានឆ្លងផុតពីវិបត្តិជំងឺកូវីដ១៩ ហើយក្តី ប៉ុន្តែសេដ្ឋកិច្ចពិភពលោក តំបន់ និងប្រទេសនីមួយៗ នៅតែជាប់ផុង ដោយចុងក្រោយនេះ បញ្ហាជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាជាដើម។

ក្នុងកិច្ចប្រជុំនេះដែរ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ បានកត់សម្គាល់ដោយការពេញចិត្តចំពោះ វឌ្ឍនភាពជាច្រើនក្នុងការអនុវត្តកម្មវិធីយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌ មហាអនុតំបន់មេគង្គឆ្នាំ២០៣០ ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ ដែលកម្ពុជាបានរៀបចំតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ជាពិសេសលើ វិស័យកសិកម្ម ថាមពល បរិស្ថាន សុខាភិបាល ទេសចរណ៍ ដឹកជញ្ជូន ពាណិជ្ជកម្ម និងការវិនិយោគ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ ដែលចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៨ ដែលបានធ្វើឡើងនៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិននេះ ក៏បានអនុម័ត៖ (ក) យុទ្ធសាស្ត្រស្តីពីនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍនៃមហាអនុតំបន់មេគង្គឆ្នាំ២០៣០ និង (ខ) សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ កំពូលលើកទី៨ ដែលក្នុងនោះថ្នាក់ដឹកនាំទាំងអស់បានទទួលស្គាល់សមិទ្ធផលដែលសម្រេចបាន នាពេលថ្មីៗ និងបានគូសបញ្ជាក់ពីទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការសម្រេច បាននូវចក្ខុវិស័យរួមក្នុងការកសាងអនុតំបន់ ដែលមានការរួបរួមគ្នា វិបុលភាព ចីរភាព និងបរិយាបន្ត កាន់តែប្រសើរឡើង៕

អត្ថបទ៖ ពុទ្ធិកា