ទំនាស់ដីធ្លីសល់តែ ៦ភាគរយទៀត កំពុងបន្តដោះស្រាយ ដែលជាវិវាទគ្មានការញុះញង់ខាងនយោបាយនោះឡើយ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ និង ជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានដឹកនាំពិគ្រោះពិភាក្សា ដើម្បីជម្រះចោលសំណុំរឿងចំនួន ៣១៥ករណី ដែលជាការជម្រះបន្ថែម។

ក្រសួងរៀបចំដែនដី បានឲ្យដឹងថា មូលដ្ឋាននៃការសម្រេចចិត្តនេះផ្អែកលើ៖១. មានការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយ​២. មានយន្តការ និងការចាត់តាំង ៣. កំណត់បាន និងស្គាល់បញ្ហា យល់បានអំពីបញ្ហា និង៤. សកម្មស្មើដៃឆ្ពោះទៅរកគោលដៅរួមតែមួយ។

បើគិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចំពោះករណីវិវាទដែលនៅសេសសល់មានប្រមាណ៦% ជាករណីដែលមិនមានចរិតជាវិវាទក្រោមការញុះញង់ខាងនយោបាយនោះឡើយ ហើយក្រុមការងារនឹងធ្វើការបន្តដោះស្រាយជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធ។ នេះបើតាមក្រសួងរៀបចំដែនដី។

រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណនៃដំណាក់កាលទី១ ខណៈយុទ្ធសាស្រ្តក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការចុះបញ្ជីដីធ្លី និងដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋរងគ្រោះដើម្បីទប់ស្កាត់បដិវត្តន៍ដីធ្លី ដោយយុទ្ធសាស្រ្តសម្របសម្រួល ការចុះវាស់វែង និងធ្វើការខិតខំដោះស្រាយជូនប្រជាពលរដ្ឋដើម្បីទទួលបានការចុះបញ្ជីដីធ្លីឲ្យបាន ៧លានក្បាលដី និងការធានារសុវត្តិភាពដីធ្លីសម្រាប់ប្រជាពលរដ្ឋគ្រប់រូបសម្រាប់បន្តផ្ទេរ ឬចែកបន្តដល់កូនចៅជំនាន់ក្រោយៗទៀតផង។

ឯកឧត្តម សាយ សំអាល់ ធ្លាប់បានលើកឡើងថា រាជរដ្ឋាភិបាលនឹងបញ្ចប់ការប៉ុនប៉ងធ្វើបដិវត្តន៍ដីធ្លីនៅកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេសដើម្បីវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ហើយចាត់ទុកការចុះបញ្ជីដីធ្លី គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការបន្តធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា បង្កើតបរិយាកាសគ្មានវិវាទ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។
អ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនាពេលនេះ គឺសំដៅបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានមុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ហើយគិតត្រឹមដើមឆ្នាំ២០២៤ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២លានបណ្ណដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ នេះជាការបញ្ជាក់បន្ថែមពីឯកឧត្តម សាយ សំអាល់៕

អត្ថបទ៖ អក្ខរា