ឯកឧត្តម​​ ហ៊ុន ម៉ានី៖ ក្រសួងមុខងារសាធារណៈ កំពុងកែទម្រង់ផ្ទៃក្នុង ដោយមិនទាន់មានគម្រោងជ្រើសរើសមន្ត្រីថ្មីនោះទេ

ក្រសួងមុខងារសាធារណៈ មិនមានគម្រោងជ្រើសរើសមន្ត្រីថ្មី ដើម្បីចូលបម្រើការងារក្នុងក្របខណ្ឌរបស់ខ្លួននោះទេ។ ដោយឡែក ប្រសិនជាក្នុងករណីចាំបាច់ ក្រសួងនឹងជ្រើសរើសមន្ត្រីផ្អែកលើមូលដ្ឋានចំនួន៣គឺ៖ (១) ចំនួនដែលត្រូវជ្រើសរើសផ្អែកលើចំនួនមន្ត្រីដែលបានចូលនិវត្តន៍ ចំនួន២៧កន្លែង (២)ជ្រើសរើសតែមន្ត្រីដែលមានជំនាញបច្ចេកទេស ឬស្ថិតក្នុងមូលដ្ឋាននៃបច្ចេកវិទ្យា ឬបរិវត្តកម្មឌីជីថល និង(៣) ជាការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ។

ទន្ទឹមនេះ ក្រសួងមុខងារសាធារណៈ បាននិងកំពុងអនុវត្តការកែទម្រង់ផ្ទៃក្នុងរបស់ខ្លួនជាបន្តបន្ទាប់ តាមរយៈការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងផ្ទាល់ ការពង្រឹងវត្តមានមន្ត្រី ការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធកន្លែងការងារជូនមន្ត្រី ការបែងចែកតួនាទី​និងភារកិច្ចស្របតាមគុណវុឌ្ឍិរបស់មន្ត្រី ការពង្រាយមន្ត្រី ការបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាពមន្ត្រី ការដាក់អនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មមន្ត្រី រួមទាំងការងារផ្សេងទៀតក្នុងគោលដៅចូលរួមធ្វើទំនើបកម្ម និងរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ទាំងនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយក្រសួង ស្ថាប័នផ្សេងៗទៀត ដើម្បីសម្រេចឱ្យបាននូវការកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមទស្សនវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នេះជាផ្នែកមួយដែលជាសម្រង់ខ្លឹមសារនៃប្រសាសន៍របស់ ឯកឧត្តម​ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលបានលើកឡើងក្នុងសិក្ខាសាលា និងកិច្ចប្រជុំ ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន៕