រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២៤នេះ បានអនុម័តទាំងស្រុងលុបចោលនូវ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។
ការអនុម័តនេះ បានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានអអញ្ជើញចូលរួមពីសមាជិកសមាជិការដ្ឋសភាចំនួន១០៩រូប នៃចំនួនសមាជិកសភាទាំងមូល។
បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ បានឲ្យដឹងថា គោលបំណងដែលកម្ពុជាបង្កើតនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការ ជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដោយមើលឃើញពីកិច្ចសហ ប្រតិបត្តិការយ៉ាងជិតស្និតក្នុងរយៈពេល២៥ឆ្នាំកន្លងមក ក្រោមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានធ្វើឱ្យប្រទេសទាំងបីឈានដល់ការសម្រេចគោលដៅជាតិនិងព្រឹត្តិការណ៍សំខាន់ៗ ជាច្រើន ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជននៅក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។
ផ្អែកលើសមិទ្ធផលកន្លងមក និងបន្ទាប់ពី ពិចារណានិងវាយតម្លៃដោយហ្មត់ចត់និងគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាល បានសន្និដ្ឋានថា កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានឈានដល់គោលដៅរបស់ខ្លួន និងជឿជាក់ថា ប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការ បន្តនិងធានាបាននូវការអភិវឌ្ឍន៍ប្រទេសរៀងៗខ្លួន។