ក្រុមហ៊ុនGu​oxing Group នឹងពិនិត្យលទ្ធភាពវិ​និយោគលើកា​រ​ផលិ​ត​ជី​ធម្មជាតិ នៅកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោកឧកញ៉ា Li Guolian ប្រធានក្រុមហ៊ុន Guoxing Group Companies និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ។

ក្នុងឱកាសជំនួបនេះ ក្រៅពីលើកឡើងពី សកម្មភាពវិនិយោគនាពេលកន្លងមករបស់ក្រុមហ៊ុននៅកម្ពុជា និងអំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន​ក្នុង​រយៈ៥ឆ្នាំខាងមុខលើការបង្កើតសួនឧស្សាហកម្ម លោកឧកញ៉ា Li Guolian ប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនក៏នឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្ម។

លោកប្រធានក្រុមហ៊ុន បានបន្ថែមទៀតថា បណ្តាក្រុមហ៊ុនជាច្រេីន​របស់​ចិន​ បាន​ធ្វេីដំណេីរទស្សនកិច្ចពាណិជ្ជកម្មមកកម្ពុជា៤លេីកមកហេីយ​ ក្រោមការ​សម្របសម្រួល​របស់​ Guoxing Group ដេីម្បី​ស្វែង​យល់ពី​សក្តានុពល​ និងឱកាស​វិនិយោគ​នៅកម្ពុជា​ ព្រមទាំងបានប្ដេជ្ញាបោះទុនវិនិយោគនៅក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការរីករាយចំពោះក្រុមហ៊ុនដែលបានបោះទុនវិនិយោគនៅកម្ពុជា និងមានផែនការពង្រីកការវិនិយោគបន្ថែមទៀត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ការដាក់ចេញនូវគោលនយោបាយដែលផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់ជោគជ័យរបស់បណ្ដាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ នេះជាចំណុចដ៏ល្អមួយ ដែលក្រុមហ៊ុន Guoxing Group មានបណ្ដាក្រុមហ៊ុនចូលរួមច្រើន ដើម្បីផលិតជាខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា​ រាជរដ្ឋាភិបាល​ផ្តល់នូវការគាំទ្រ​ និង​ផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគដែលផលិត​នូវ​ច្រវាក់ផលិតកម្មដេីម្បីផ្តង់ផ្គង់ក្នុងស្រុក​ និង​នាំចេញ​ទៅ​ក្រៅប្រទេស ៕

អត្ថបទ៖ ពុទ្ធិកា