នាយករដ្ឋមន្រ្តីកម្ពុជា រំពឹងថា​វិបត្តិនៅមីយ៉ាន់ម៉ា​ ​នឹង​​ត្រូវ​​​ដោះ​ស្រា​យ​​ដោយ​សន្តិវិធី​ក្នុងអនាគតដ៏ខ្លីខាងមុខ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម នា​យ​ឧត្ដមសេនីយ៍ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នា ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ និងកិច្ចប្រជុំកំពូលនានា។

ក្នុងជំនួបនេះ ឯកឧត្ដម នា​យ​ឧត្ដមសេនីយ៍ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអរគុណកម្ពុជា ដែលបានចែករំលែកបទពិសោធន៍ និងទស្សនទានមួយចំនួនក្នុងការដោះស្រាយវិបត្តិ ក្នុងប្រទេសមីយ៉ាន់ម៉ា។

ឯកឧត្តមប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ លើកឡើងពីស្ថានការណ៍នយោបាយទូទៅ និងការត្រៀមរៀបចំការបោះឆ្នោតសកល នាពេលខាងមុខរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាផងដែរ។​

ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា បានថ្លែងអំណរគុណឯកឧត្តមប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នយោបាយរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5-Point Conensus) របស់អាស៊ាន ហើយសម្តេចសង្ឃឹមថា វិបត្តិនៅមីយ៉ាន់ម៉ា នឹងត្រូវបានដោះស្រាយដោយសន្តិវិធី ក្នុងអនាគតដ៏ខ្លីខាងមុខ។

គួរបញ្ជាក់ថា នៅក្នុងជំ​នួបនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដម នា​យ​ឧត្ដមសេនីយ៍ Min Aung Hlaing ក៏បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម និង ការតភ្ជាប់ប្រជាជននិងប្រជាជន៕

អត្ថបទ៖ ពុទ្ធិកា