សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់និស្សិតខ្មែរនៅខេត្តយូណាន ប្រឹងប្រែងរៀនសូត្រ ប្រែក្លាយខ្លួនឲ្យក្លាយជា​កំណប់ទ្រព្យសម្រាប់ជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា បានលើកទឹកចិត្តឲ្យនិស្សិតខ្មែរដែលកំពុងសិក្សានៅខេត្តយូណាន ប្រទេសចិន ប្រែក្លាយខ្លួនឲ្យក្លាយជាកំណប់ទ្រព្យសម្រាប់ជាតិ និងខ្លួនឯង។ ការលើកទឹកចិត្តនេះជំនួបសំណេះសំណាលរវាងសម្តេច និងសមាគមនិស្សិតខ្មែរដែលកំពុងសិក្សានៅខេត្តយូណាន ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលនានា នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់និស្សិតខ្មែរខិតខំរៀនសូត្រ ឃ្លាតពីស្រុកកំណើតដើម្បីបន្តការសិក្សាលើជំនាញផ្សេងៗជាច្រើន ស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន ដែលការរៀនសូត្រនេះពិតជាមានប្រយោជន៍យ៉ាងខ្លាំងសំរាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើគោលនយោបាយនានា ការចូលរួមលើឆាកអន្តរជាតិ បង្កើតមិត្តលើឆាកអន្តរជាតិកាន់តែច្រើន ដើម្បីធ្វើសមាហរណកម្មកម្ពុជាលើឆាកអន្តរជាតិ ដើម្បីប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសបង្កើនទីផ្សារនាំចេញទំនិញពីកម្ពុជាទៅកាន់បណ្តាប្រទេសផ្សេងៗ។

លោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅក្នុងខេត្តយូណាន មានប្អូនៗជានិស្សិត សរុបចំនួន១២៩ នាក់ (ស្ត្រី៥៥នាក់) ក្នុងនោះ ៤៨នាក់ កំពុងសិក្សាក្រោមអាហារូបករណ៍សាកលវិទ្យាល័យតាលី ។

លោកជំទាវឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន បានឲ្យដឹងថា និស្សិតទាំង១២៩នាក់នេះ កំពុងសិក្សាថ្នាក់បរិញ្ញបត្រ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខវិជ្ជាមួយចំនួនរួមមាន ៖ អក្សរសាស្រ្តចិន, វិទ្យាសាស្ត្រកំព្យូទ័រ, សំណង់, សេដ្ឋកិច្ច, ហរិញ្ញវត្ថុ, គ្រប់គ្រង, ទេសចរណ៍, វេជ្ជសាស្ត្រ ។ល។ សម្រាប់ឆ្នាំសិក្សា២០២៣ និងឆ្នាំ២០២៤ ស្ថានអគ្គកុងស៊ុល កម្ពុជា ក៏បានស្វែងរកអាហារូបករណ៍ចំនួន ១៥ កន្លែងទៀតផ្តល់ជូននិស្សិតផងដែរ៕

អត្ថបទ៖ ពុទ្ធិកា