អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលគេទទួលស្គាល់ថា ជាសេដ្ឋីកសិកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ត្រូវបានក្រុមចលនាមាតាធម្មជាតិ ចោទប្រកាន់ថា បានគេចវេសមិនដោះស្រាយពីផលប៉ះពាល់នៃកាកសំណល់ដែលចេញពីរោងចក្រចម្រាញ់ប្រេងដូង MTSI ។
នៅថ្ងៃទី៥ ខែវិច្ឆិកានេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានឆ្លើយតបចំពោះការចោទប្រកាន់នេះ និងបានចាត់ទុកក្រុមចលនាមាតាធម្មជាតិ ជាខ្មោចព្រាយបីសាច ដែលតែងតែតាមព្យាបាទលោកគ្រប់កាលៈទេសៈ។
តាមសំណេរលើបណ្តាញសង្គម អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានរៀបរាប់ថា៖ “អ្នកមិនមានគោលដៅច្បាស់លាស់ដូចជាខ្មោចព្រាយបីសាច មានតែស្រមោល ហានមកចោទប្រកាន់ខ្ញុំថាជាអ្នកគេចវេសមិនទទួលខុសត្រូវទៅវិញ នេះជាភ័ស្តុតាងខ្លះៗ ដែលខ្ញុំចង់បង្ហាញជូនប្រិយមិត្តយើងអោយបានឃើញថា ខ្ញុំគេចវេសមិនទទួលខុសត្រូវដូចពាក្យចោទប្រកាន់នេះដែរ ឬអត់ទេ?
នៅលើលោកយើងនេះ អោយតែចង់បានអ្វីមួយ វានិងអាចបាត់បង់អ្វីមួយជាក់ជាមិនខានឡេីយ គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះចាប់ពី ឆ្នាំ១៩៩៦-២០២៤=២៨ឆ្នាំកន្លងទៅហេីយ គុណដ៏មហាធំធេងដែលខ្ញុំបានកសាង លើវិស័យកសិកម្ម កសិឧស្សាហកម្មមកលើជាតិ និងប្រជាជនកម្ពុជាយើង១០០សំពៅ តើអស់លោកចង់យកកំហុសដោយអចេតនាតូចតាចមួយនេះមកបំផ្លាញឬ (គុណ១០០សំពៅ ទោសមួយចូលទៅ បំផ្លាញទាំងអស់) គ្រាន់តែមានករណីនេះកើតឡើងភ្លាម មានអ្នកស្នេហាជាតិច្រើនណាស់ ទាំងគ្នាឯងផង ទាំងគ្នាគេផងមកសាកសួរជីកឬស ជីកគល់ក្នុងគោលបំណងបំផ្លាញតែម្តង តែខ្ញុំមិនមានប្រតិកម្មតបតទៅវិញអ្វីទាំងអស់ ទុកពេលអោយសាមីក្រសួង ដែលមានការពាក់ព័ន្ធដោះស្រាយទៅតាមនិតិវិធីទៅចុះ សូមអស់លោក កុំតាំងខ្លួនឯងជាអ្នកស្រឡាញ់ជាតិ និងប្រជាជនកម្ពុជាតែក្រុមអស់លោកតែមួយតំបរស្វាហ្នឹងពេក អស់លោកតែងតែតាំងខ្លួនឯងថាមាតាធម្មជាតិ តើបានដាំដើមឈើបានប៉ុន្មានដើមហើយ នៅកន្លែងណាខ្លះ ខ្ញុំមិនដែលបានតាំងខ្លូនឯងថាជាបីតាធម្មជាតិម្តងណាទេ ប៉ុន្តែខ្ញុំហ៊ានអោយក្រុមលោកឯងទាំងអស់គ្នាមករាប់ដើមឈើដែលខ្ញុំបានដាំអោយអស់រយៈពេល១ឆ្នាំ ខ្ញុំនិងជូនប័ណ្ណសរសើរ និងជូនសគុណជាទីគាប់ចិត្តថែមទៀតផង”។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានបន្តថា៖ “ជាទីបញ្ចប់ខ្ញុំសូមអរគុណដល់អស់លោកដែលតែងតែតាមព្យាបាទខ្ញុំគ្រប់កាលៈទេសៈ និងសូមជូនពរអោយអស់លោក ឆាប់ភ្ញាក់រលឹកងាកមកចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជតិ ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា”។
បច្ចុប្បន្នក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងកម្ពុជា បានផ្តល់ការងារដោយផ្ទាល់ដល់បុគ្គលិកកម្មករប្រមាណជាជាង២,000នាក់និងដោយប្រយោលប្រមាណជាជាង៨,០០០នាក់។ នៅពេលនេះក្រុមហ៊ុនបានទប់ទំនប់ដែលបានបាក់រួចរាល់ជាស្ថាពរធ្វើអោយស្ថានភាពងាកមករកភាពប្រក្រតីឡេីងវិញព្រមទាំងសងសំណងការខូចខាតដល់រដ្ឋនិងប្រជាជនប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកឧកញ៉ា ម៉ុង ឬទ្ធី ៕