សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរតាមយន្តហោះពិសេស ឆ្ពោះទៅកាន់ប្រទេសចិន នៅវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ និងកិច្ចប្រជុំកំពូលនានា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា នៅទីក្រុងគុនមិញ ខេត្តយូណាន ។
អញ្ជើញអមដំណើរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ទៅចូលរួមកិច្ចប្រជុំកំពូលទាំងនេះ រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ,រដ្ឋមន្ត្រី ,មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំមកពីសភាពាណិជ្ជកម្ម និងសមាគមឧកញ៉ាកម្ពុជាផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចប្រជុំកំពូលដែល សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួម មានដូចជា ប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ ,កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី ១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើក១១ ។
ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា កិច្ចប្រជុំកំពូលទាំងនេះ នឹងពិនិត្យលើសមិទ្ធិផលដែលសម្រេចបាន និងកំណត់ទិសដៅ អនាគត សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសសមាជិក ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ ព្រមទាំងបង្ហាញផងដែរអំពីសារៈសំខាន់ នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ក៏ដូចជាការរួមរស់ដោយ សន្តិសហវិជ្ជមាន ក្នុងចំណោមប្រទេសសមាជិក។
ជាមួយគ្នានេះ ឯកឧត្តម បានបន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងគុនមិញ សម្តេចធិបតី គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ ធុរជនបរទេស និងនិស្សិតខ្មែរកំពុងសិក្សានៅខេត្តយូណានផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS)លើកទី៨ ,កិច្ចប្រជុំកំពូលកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី ១០ និងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
តាមការគ្រោងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ នឹងធ្វើមាតុភូមិនិវត្តន៍ មកដល់រាជធានីភ្នំពេញវិញ នៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤៕
អត្ថបទ៖ ពុទ្ធិកា