តាមបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រំពឹងថា ពឹងថា ចំពោះវិធានការលើកទឹកចិត្តផ្នែកពន្ធដារនេះ នឹងជួយគាំទ្រ និងបង្កលក្ខណៈដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន អ្នកវិនិយោគ និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យទាំងអស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥ គឺដើម្បីជួយកាត់បន្ថយបន្ទុកចំណាយបង់ពន្ធ របស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ។
ដោយឡែក តាមរយៈលិខិតថ្លែងអំណរគុណរបស់ខ្លួន នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏បានថ្លែងអំណរគុណ ចំពោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះការសម្រេចបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥។
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន បានចាត់ទុកថា ការសម្រេចបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ ជាការជួយកាត់បន្ថយបន្ទុកចំណាយបង់ពន្ធ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ ជាពិសេសជាយកចិត្តទុកដាក់ក្នុងការ ជួយគាំទ្រលើកទឹកចិត្តដល់ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏ដូចអ្នកវិនិយោគទាំងអស់ បន្តបេសកកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត។
អត្ថបទ៖ ពុទ្ធិកា