មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្នលើកំណាត់ ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៤១ ដល់គីឡូម៉ែត្រ៤៣ ចំណុចផ្សារត្រាំខ្នារ ស្ថិតក្នុងស្រុកគងពិសី និងចន្លោះគីឡូម៉ែត្រ ៥៣ ដល់គីឡូម៉ែត្រ៥៥ ចំណុចផ្សារប៉ាង្គសី ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននេះ ដោយសារជំនន់ទឹកភ្លៀង បានហូរកាត់លិចផ្លូវ និងដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពានជាដើម ។
ស្ថានភាពទឹកភ្លៀងចុងឆ្នាំក្នុងរដូវវស្សាឆ្នាំ២០២៤ នេះចាប់ផ្តើមធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន បង្កឱ្យមានជាជំនន់ទឹកភ្លៀងដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ ដល់អាយុជីវិតមនុស្សសត្វ និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់-ស្ពាន។ ជំនន់ទឹកភ្លៀងដែលបាននិងកំពុងជន់ឡើង ជាហេតុបណ្តាលឱ្យលិចលង់នៅតាមកំណាត់ ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤១ ដល់ គ.ម៤៣ (ផ្សារត្រាំខ្ទារ) ស្ថិតក្នុងស្រុកគងពិសី និងចន្លោះ គ.ម៥៣ ដល់ គ.ម៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលស្ថានភាពបែបនេះ ធ្វើឱ្យផ្លូវថ្នល់-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បាន។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ស្នើឲ្យប្រជាពលរដ្ឋ ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដែលធ្វើចរាចរណ៍ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពត និងសម្រាប់ទិសដៅពីខេត្តកំពត ឆ្ពោះទៅរាជធានីភ្នំពេញ សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ២ ឬវាងទៅតាមផ្លូវជាតិលេខ៤១ ជាបណ្តោះអាសន្នសិន។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំ ចំពោះការចូលរួម សហការ អនុវត្តរបស់ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដើម្បីរួមចំណែកថែរក្សាផ្លូវ ថ្នល់-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕
អត្ថបទ៖ ពុទ្ធិកា