សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មើលឃើញថា ការផ្តល់សេវាលិខិតឆ្លងដែននៅក្រៅប្រទេស ពិតជាបានជួយសម្រួលដល់ពលរដ្ឋខ្មែរបានយ៉ាងច្រើន

ការផ្តល់សេវាលិខិតឆ្លងដែននៅស្ថានទូតខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានបិទបញ្ចប់ហើយ កាលពីចុងសប្តាហ៍កន្លងទៅនេះ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី មើលឃើញថា តាមរយៈវិធានការផ្តល់សេវាលិខិតឆ្លងដែន​ ពិតជាបានជួយសម្រួលដល់ពលរដ្ឋខ្មែរបានយ៉ាងច្រើន ទាំងពេលវេលា និងថវិកា។

តាមបណ្តាញសង្គមផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា គិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបចំនួន ៦.២៥២ ច្បាប់ និងបានបើកលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរបានសរុបចំនួន ៤.៩៧១ នាក់ ។

សម្តេចបវរធិបតី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ​មន្ត្រីនគរបាលជាតិ​នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ក្រសួងមហាផ្ទៃ, មន្ត្រី និងបុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងនិស្សិត និងសហគមន៍ខ្មែរស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលការផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េ នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រហូតឈានសម្រេចបាននូវការបិទបញ្ចប់ដំណើរការនៃការផ្តល់សេវាដោយជោគជ័យគួរជាទីមោទនៈ ហើយដែលពិតជាបានជួយសម្រួលដល់ការលំបាក និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងពលករយើងនៅក្នុងប្រទេសកូរ៉េបានយ៉ាងច្រើន ។

ជាមួយគ្នានេះផងដែរ សម្តេចមហាបវរធិបតី ក៏បានសម្តែងក្តីរីករាយសាទរចំពោះទំនុកចិត្ត និងភាពកក់ក្តៅរបស់​ប្រជាពលរដ្ឋ និងពលករខ្មែររស់នៅក្នុងប្រទេសកូរ៉េ ដែលបានមកទទួលសេវាផ្តល់លិខិតឆ្លងដែននេះ៕