អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ចាប់ផ្តើមដង្ហែទៅកាន់វត្តខ្មែរក្រោម នៅថ្ងៃទី៤ និងទី៥ ខែវិច្ឆិកានេះ

គណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម នឹងត្រូវដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នាថ្ងៃទី៤ និងទី៥ ខែវិច្ឆិកានេះឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅ ភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិវិញសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមសូត្រមន្តអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវិមាន ៧មករា។

គណៈកម្មការរៀបចំ បានឲ្យដឹងថា ដោយសារតែវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលនឹងត្រូវដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ មានទីធ្លាតូចចង្អៀត និងដើម្បីធានាថា ការដង្ហែអង្គកឋិនទាននេះប្រព្រឹត្តទៅប្រកបដោយសណ្តាប់ធ្នាប់ល្អ រក្សាបាន នូវសន្តិសុខ និងសុវត្ថិភាព បង្ការនិងទប់ស្កាត់ជំងឺឆ្លងផ្សេងៗជូនថ្នាក់ដឹកនាំនិងអង្គកឋិនទាំងមូល និងស្របតាមសំណូមពររបស់ភាគីវៀតណាម, គណៈកម្មការរៀបចំអង្គកឋិនទាន បានសម្រេចកំណត់ចំនួន សមាសភាពនៃអ្នកចូលរួម ដែលនឹងត្រូវដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តខ្មែរក្រោម ឱ្យបានសមល្មម និងប្រមូលផ្ដុំចូលទៅទឹកដីវៀតណាមតាមច្រកតែមួយ គឺច្រកព្រំដែនជ្រៃធំ នៃខេត្តកណ្តាល និងបំពេញបែបបទចេញចូលប្រទេសវៀតណាមសមស្របតាមបទបញ្ញត្តិដែលមានជាធរមាន។

ក្នុងន័យនេះ គណៈកម្មការរៀបចំអង្គកឋិនទាន បានរៀបចំបញ្ជីសមាសភាពអ្នកចូលរួមដង្ហែអង្គ កឋិនទាន និងបានសហការជាមួយភាគីវៀតណាម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដង្ហែអង្គកឋិនទាន នេះ។ គណៈកម្មការរៀបចំអង្គកឋិនទាន ក៏សូមអធ្យាស្រ័យចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សាធារណជន ដែលមិនបានចូលរួមក្នុងពិធីដង្ហែអង្គកឋិនទានទៅកាន់ វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញនេះ៕